ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ចង់ឱ្យកងទ័ពកម្ពុជា និងកងទ័ពជប៉ុន ហ្វឹកហ្វឺនរួមគ្នា ក្នុងការសង្គ្រោះបន្ទាន់ក្នុងគ្រោះមហន្តរាយ និងទប់ស្កាត់អំពើភេរវកម្ម។
បំណងរបស់សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាជាមួយលោក យ៉ា ម៉ាហ្សាគី កូជី អគ្គសេនាធិការចម្រុះកងទ័ពស្វ័យការពារជប៉ុន នាព្រឹកថ្ងៃសុក្រ ទី២៩ ឆ្នាំ២០២២នេះ។
នៅក្នុងជំនូបនេះ លោក យ៉ា ម៉ាហ្សាគី កូជី បានកោតសរសើរកម្ពុជា ដែលបានបញ្ជូនកងទ័ពរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិទៅកាន់ក្រៅប្រទេស។លោក បានជម្រាបសម្ដេចតេជោ នាយករដ្ឋមន្ត្រីថា ដំណើរទស្សនកិច្ចរបស់លោក មកកាន់កម្ពុជានៅពេលនេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យការពារជាតិ ស្របតាមសេចក្តីសម្រេចរួមរបស់ថ្នាក់ដឹកនាំកំពូលទាំងពីរកន្លងមក។
សម្ដេចតេជោ ហ៊ុន សែន បានគាំទ្រចំពោះកិច្ចពិភាក្សានានារវាងលោក យ៉ា ម៉ាហ្សាគី កូជី និងថ្នាក់ដឹកនាំកងកម្លាំងរបស់កម្ពុជា និងបានលើកទឹកចិត្តឲ្យកងទ័ពទាំងពីរ រួមនឹងកម្មវិធីកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ដោយយកចិត្តទុកដាក់ទៅលើការហ្វឹកហ្វឺនរួមគ្នាក្នុងការសង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយនិងទប់ស្កាត់អំពើភេរវកម្ម ផងដែរ ខណៈឆ្នាំ២០២២នេះ គឺជាខួប៣០ឆ្នាំ ដែលកងស្វ័យការពារជប៉ុន បានបញ្ជូនកងកម្លាំងមកបំពេញបេសកកម្មរក្សាសន្តិភាពនៅកម្ពុជា ជាលើកដំបូងរបស់ជប៉ុន ចេញក្រៅប្រទេស ៕