ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំឱ្យមានការដឹកជញ្ជូនក្រុមកីឡា ដែលទៅប្រគួតស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ខាងមុខនេះ តាមយន្តហោះ ដើម្បីកាត់បន្ថយបញ្ហានានា ក្នុងពេលធ្វើដំណើរ។
មានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់លោក ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ ឱ្យទាក់ទងក្រុមហ៊ុនយន្តហោះ ដើម្បីរៀបចំដឹកជញ្ជូនក្រុមកីឡា ទៅប្រគួតស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម។
សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍លើកឡើងថា ការរៀបចំនេះ គឺជាការគិតគូលើសុវត្ថិភាពរបស់ក្រុមកីឡា នឹងជាការលើកមុខមាត់ប្រទេសក្នុងវិស័យកីឡា ហើយរាជរដ្ឋាភិបាល នឹងចំណាយបន្ថែមលើករណីនេះ។
សូមបញ្ជាក់ដែរថា នៅក្នុងពិធីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានណែនាំឱ្យគ្រូកីឡា និងកីឡាករ កីឡាការនី ដែលត្រូវទៅប្រកួតស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ខាងមុខនេះ ត្រូវដកស្រង់បទពិសោធន៍ដើម្បីឈានឆ្ពោះទៅឆ្នាំ២០២៣ដែលកម្ពុជា ធ្វើជាប្រធានស៊ីហ្គេម។
ការប្រកួតកីឡាស៊ីហ្គេម នៅវៀតណាម នាពេលខាងមុខ គឺជាការចូលរួមក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រក្នុងកាវាយតម្លៃ វាស់ស្ទង់ និងផ្ទៀងផ្ទាត់សមត្ថភាពរបស់កីឡាករ-កីឡាការិនី ជម្រើសជាតិកម្ពុជា ដើម្បីប្រមូលទិន្នន័យគុណផលកីឡា និងធ្វើការវិភាគចំណុចខ្ពស់ទាប ខ្លាំងខ្សោយ៕