ខេត្តកំពង់ធំ៖ សត្វគោចំនួន៨ក្បាល បានងាប់ និង១ក្បាលទៀត បានរងរបួស ដោយសារបាតុភូតធម្មជាតិ រន្ទះបាញ់ កាលពីរវេលាម៉ោង១៦ និង១៧នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅភូមិវាលល្ពាក់ចាស់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
លោកវរសេនីយ៍ឯក សោម សាវ៉ាត អធិការនគរបាល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានឲ្យដឹងថា យ៉ាងហោចណាស់មានសត្វគោចំនួន ៨ក្បាលបានងាប់ និង ១ក្បាលទៀត បានរងរបួសដោយសាររន្ទះបាញ់។
លោកថា នៅពេលកើតហេតុមានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំង លាយឡំ ដោយផ្គរ រន្ទះ ហើយហ្វូងគោទាំងនោះ បានជ្រកក្រោមដើមឈើ ចម្ងាយប្រហែល៥០០ម៉ែត្រ ពីផ្ទះប្រជាពរដ្ឋ បន្តិចក្រោយមកក៏ស្រាប់តែមានហេតុការណ៍រន្ទះបាញ់កើតឡើងបណ្តាលឱ្យងាប់សត្វគោរបស់អ្នកភូមិអស់ជាច្រើនក្បាលតែម្តង។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ឱ្យដឹងថា កម្ពុជានឹងរងឥទ្ឋិពលពីប៉ាស៊ីហ្វិក និងឥទ្ឋិពលពីជ្រលងសម្ពាធទាបរុញច្រានពីមហាសមុទ្រឥណ្ឌា ហើយធ្វើឱ្យ មានធ្លាក់ភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ កើតឡើង នៅចន្លោះថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា៕