ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងពិចារណាការចាក់វ៉ាក់សាំងដូសទី៥ ដល់មន្រ្តីជួរមុខ និងបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យទទួលយកនូវវ៉ាក់សាំងដូសទី៣ ជាដូសអប្បរមា ព្រោះជាការទាមទារនូវសុខុមាលភាព និងការពារអាយុជីវិតរាងៗខ្លួន។
នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ជាសារសំឡេងថា កម្ពុជា កំពុងពិនិត្យលទ្ឋភាពពីការចាក់ដូសទី៥ សម្រាប់មន្រ្តីជួរមុខជាបន្តទៀត ហើយកម្ពុជា ក៏មិនខ្វះវ៉ាក់សាំងសម្រាប់ចាក់ជូនដល់ប្រជាពលរដ្ឋនោះដែរ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងថា អ្វីដែលសម្តេចចង់បានបំផុត គឺការចាក់វ៉ាក់សាំងដូសទី៣ ខណៈប្រជាពលរដ្ឋចំនួនជាង៦លាន ៤សែននាក់ ពុំទាន់ទទួលបាននូវវ៉ាក់សាំងដូសទី៣ នៅឡើយទេ។
យ៉ាងណាក៏ដោយ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានគួសបញ្ជាក់ថា ទោះប្រជាពលរដ្ឋមិនបានចាក់វ៉ាក់សាំងដូសទី៣ ក៏មិនមានការផាកពិន័យ ឬទណ្ឌកម្មណាមួយនោះដែរ ប៉ុន្តែគ្រាន់តែជាសុខុមាលភាពម្នាក់ៗប៉ុណ្ណោះ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់បុគ្គលគ្រប់រូបឱ្យធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ហើយក្នុងករណីសង្ស័យត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែក និងធ្វើការព្យាបាល។
បាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ លទ្ធផលចាក់វ៉ាក់សាំង គិតចាប់ពីអាយុចាប់ពី៣ឆ្នាំឡើងទៅ ធៀបនឹងចំនួនប្រជាជនសរុប១៦លាននាក់ មានប្រមាណ៩៣,១២ភាគរយ៕