ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាស់ តាមទីធ្លាសាធារណៈ នៅទូទាំងប្រទេស ប៉ុន្តែនៅតម្រូវឱ្យពាក់ម៉ាស់ក្នុងកន្លែងប្រមូលផ្តុំបិទជិត ដែលមិនមានលំហរគ្រប់គ្រាន់។
នៅក្នុងសារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ការពាក់ម៉ាស់ ឬមិនពាក់ម៉ាស់ នៅទីកន្លែងជំហរ គឺស្ថិតលើការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ ប៉ុន្តែការស្ថិតក្នុងកន្លែងបិទជិត ដែលមានប្រើនូវម៉ាស៊ីនត្រជាក់ នឹងតម្រូវឱ្យពាក់ម៉ាស់ដដែល។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ការសម្រេចនេះ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ប្រជាពលរដ្ឋ បន្ទាប់ពីបានចាក់វ៉ាក់សាំងពេញលេញរួចមកហើយ ហើយសម្តេចតេជោ សង្ឃឹមថា ជនរួមជាតិ នឹងបានរំដោះខ្លួនចេញពីការលំបាក និងការចំណាយ។
នៅក្នុងសារសំឡេងដដែលនេះ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យទទួលយកវ៉ាក់សាំងដូសទី៣ ដែលចាត់ទុកថា ជាដូសអប្បរមា ព្រោះជាការទាមទារនូវសុខុមាលភាព និងការពារអាយុជីវិតរាងៗខ្លួន។
នៅថ្លែងក្នុងពិធីប្រគល់-ទទួល អំណោយវ៉ាក់សាំងកូវីដ-១៩ ចំនួន ១លាន ៥ម៉ឺន ៦ពាន់ដូស ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនអ៊ីតាលី កាលព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានគួសបញ្ជាក់ថា ក្នុង១ថ្ងៃ ប្រជាពលរដ្ឋកម្ពុជា បានចំណាយថវិកាអស់ប្រមាណ១០ម៉ឺនដុល្លារ ដោយសារការទិញម៉ាស់៕