បន្ទាយមានជ័យ ៖ ពលរដ្ឋខ្មែរ ចំនួន៩៥នាក់ ត្រូវបានអាជ្ញាធរ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន ក្រោយពេលបម្រុងឆ្លងដែនដោយខុសច្បាប់ចូលទៅធ្វើការនៅក្នុងទឹកដីថៃ។
របាយការណ៍របស់អាជ្ញាធរ ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា កាលពីវេលាម៉ាង១៦ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ សមត្ថកិច្ចបានធ្វើការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ បម្រុងលួចឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ ចំនួន៩៥នាក់ ត្រង់ចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិល្វា ឃុំ បឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានប្រាប់ឲ្យដឹងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះថា ប្រជាពលរដ្ឋដែលបម្រុងលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ហើយត្រូវទប់ស្កាត់ សរុបចំនួន៩៥នាក់ មកពីខេត្តចំនួន១០ រួមមាន៖១/-បន្ទាយមានជ័យ ចំនួន២១នាក់,២/-សៀបរាប ចំនួន២៩នាក់,៣/-បាត់ដំបង ចំនួន១៣នាក់,៤/-ឧត្តមានជ័យ ចំនួន០៥នាក់,៥/-កំពង់ធំ ចំនួន០២នាក់,៦/-កំពត ចំនួន០៨នាក់,៧/-ព្រៃវែង ចំនួន១០នាក់,៨/-តាកែវ ចំនួន០៣នាក់,៩/-ស្វាយរៀង ចំនួន០៣នាក់ និង១០/ខេត្តត្បូងឃ្មុំ ០១នាក់។
លោកមេបញ្ជាការ បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវបានសួរនាំ និងធ្វើកិច្ចសន្យារួចបានប្រគល់ពួកគាត់ជូនផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់វិធានការបន្តតាមនីតិវិធី ។
ទាក់ទងនឹងបញ្ហាពលរដ្ឋឆ្លងដែននេះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានជំរុញដល់កម្លាំងនគរបាលស្រុកម៉ាឡៃ ស្រាវជ្រាវមុខសញ្ញាមេខ្យល់ ដើម្បីចាប់ខ្លួនយកទៅផ្តន្ទាទោសផងដែរ៕