ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសគាំទ្រសកម្មភាពទាំងអស់ ដែលកំពុងអនុវត្តក្នុងការជំរុញ និងបំផុសការយល់ដឹងផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់សាធារណៈ ដើម្បីឈានទៅគ្មាន ការចម្លងជំងឺគ្រុនចាញ់ និងគ្មានករណីជំងឺគ្រុនចាញ់។
នៅក្នុងឱកាសប្រារព្ធទិវាជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ក្រោមប្រធានបទ «រួមគ្នាអនុវត្តគន្លងសកម្មភាពថ្មីៗ ឈានទៅកាត់បន្ថយបន្ទុកជំងឺគ្រុនចាញ់សកល ដើម្បីលើកកម្ពស់សុខុមាលភាព» សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញសារលិខិតដោយសម្តែងនូវការអបអរសាទរជាមួយពិភពលោកទាំងមូល ចំពោះការប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងទិវាគ្រុនចាញ់ពិភពលោក ដែលប្រព្រឹត្តធ្វើនាថ្អៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ។
នៅក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការប្រារព្ធទិវានេះឡើងក្នុងគោលបំណងរំលឹក និងបង្ហាញឱ្យឃើញនូវក្តីរំពឹងរបស់រាជរដ្ឋាភិបាល ព្រមទាំងសាធារណជនគ្រប់រូបដែលកំពុងខិតខំប្រឹងប្រែងរួមគ្នាឈានទៅសម្រេចគោលដៅ គ្មានជំងឺគ្រុនចាញ់ ក្នុងភូមិសាស្ត្រប្រទេស ក៏ដូចជាមហាអនុតំបន់ទន្លេមេគង្គ និងពិភពលោកទាំងមូល។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការអនុវត្តក្នុងការជំរុញ និងបំផុសការយល់ដឹងផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់សាធារណៈ ឱ្យកាន់តែបានទូលំទូលាយថា មានប្រសិទ្ធភាពបន្ថែមទៀតនៅទូទាំងប្រទេស ពិសេសក្នុងភូមិសាស្រ្តព្រៃភ្នំ ប្រឈមការចម្លងជំងឺគ្រុនចាញ់ខ្ពស់ ដើម្បីឈានទៅគ្មាន ការចម្លងជំងឺគ្រុនចាញ់ និងគ្មានករណីជំងឺគ្រុនចាញ់។
យោងរបាយការណ៍របស់កម្មវិធីជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់បានបង្ហាញថា ប្រទេសកម្ពុជាធ្លាប់ មានករណីជំងឺគ្រុនចាញ់ជាង ១៧ម៉ឺនករណីឈឺ នាទសវត្សរ៍ឆ្នាំ៨០ និងស្លាប់ជិត ១ ០០០នាក់។ ឆ្នាំ២០១៨ ករណីស្លាប់ ដោយសារជំងឺគ្រុនចាញ់លែងមានរហូតមកដល់បច្ចុប្បន្ន បានន័យថា សម្រេចបានជោគជ័យមុន គោលដៅគ្រោងទុកឆ្នាំ២០២០។ ឆ្នាំ២០២១ ជំងឺគ្រុនចាញ់សរុបមាន ៤ ២៧៩ករណីឈឺ ដែលចំនួនករណី បានបន្តថយចុះ៥៤ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ ដែលមាន ៩ ២៣៤ករណី។ ចំពោះជំងឺគ្រុនចាញ់ ទម្រង់សន្ធិនិងចម្រុះមាន ៣២០ករណី ក្នុងឆ្នាំ២០២១ គឺបានបន្តថយចុះ៦៥% បើប្រៀបធៀបនឹងឆ្នាំ២០២០ មាន ៩៣៦ករណីឈឺ។
របាយការណ៍បានបញ្ជាក់ថា ចំពោះករណីគ្រុនចាញ់ប្រភេទវីវ៉ាក់ ក៏មានការថយចុះ៥២ភាគរយ ពីចំនួន ៨ ២៩៨ នៅឆ្នាំ២០២០ មកនៅចំនួន ៣ ៩៥៩ករណី នៅឆ្នាំ២០២១៕