BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើបុរសខ្លាំងរបស់ចិន ស៊ី ជិនពីង ជានរណា?

ថ្ងៃចន្ទ, 25 ខែមេសា 2022 08:55  វេទិកាជោគជ័យ

នៅក្នុងប្រទេសចិន ស៊ី ជិនពីង គឺជាឥស្សរជននយោបាយកំពូលដែលកំពុងតែកាន់កាប់តំណែងសំខាន់ៗ ដូចជាអគ្គលេខាធិការបក្សកុម្មុយនិស្តចិន ប្រធានគណកម្មការយោធាកណ្តាលរបស់បក្ស និងជាប្រធានាធិបតី។ ដូច្នេះតើលោកមានជីវប្រវត្តិ ជីវិតស្នេហា ការសិក្សា និងបទពិសោធន៍ការងារយ៉ាងណា? សូមទស្សនាវីដេអូនេះរហូតដល់ចប់! 

_121220328_071114612

ជីវប្រវត្តិសង្ខេប 

លោក ស៊ី ជិនពីង កើតនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥៣​ នៅក្នុងស្រុក ហ្វូ៊ពីង (Fuping) ខេត្តសានស៊ី ប្រទេសចិន។ លោកគឺជាកូនប្រុស របស់លោក ស៊ី ចុងស៊ុន (Xi Zhongxun) ដែលធ្លាប់ធ្វើជាឧបនាយករដ្ឋមន្ត្រីចិន និងជាសមមិត្តដំបូងបង្អស់របស់ម៉ៅ សេទុង ហើយម្តាយរបស់លោក ឈ្មោះ ឈី ស៊ីន (Qi Zin)។ លោកធ្លាប់រៀបការពីរដងគឺ លើកទីមួយជាមួយអ្នកស្រី កេ លីងលីង (Ke Lingling) តែបានលែងលះគ្នា ហើយទីពីរគឺអ្នកស្រី ប៉េង លីយ័ន (Peng Liyuan) ពីឆ្នាំ១៩៨៧ មកដល់បច្ចុប្បន្ន ហើយពួកគេមានកូនស្រីម្នាក់គឺ កញ្ញា ស៊ី មីងចេ (Xi Mingze) ដែលបានកើតនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ១៩៩២។ លោក ស៊ី កាលនៅពីកុមារបានរស់នៅក្នុងគេហដ្ធានដ៏ប្រណិត នៅពេលដែលឪពុករបស់លោកកំពុងកាន់តំណែងនៅក្នុងទីក្រុងប៉េកាំង តែក្រោយមកលោកត្រូវបានគេបញ្ជូនឲ្យទៅធ្វើជាកម្មករនៅឯជនបទអស់រយៈពេលប្រាំមួយឆ្នាំ នៅពេលដែលឪពុករបស់លោកត្រូវបានគេបណ្តេញចេញពីតំណែង ដោយសារតែលោកបានរិះគន់អំពីការបង្រ្កាបនៅទីលានធានអានមឹន។ នៅឆ្នាំ១៩៧៥ លោកបានចូលរៀនខាងវិស្វកម្មគីមី នៅសាកលវិទ្យាល័យ ស៊ីងហួ​ នៃទីក្រុងប៉េកាំង ហើយបានបញ្ចប់នៅឆ្នាំ១៩៧៩។ 

ប្រវត្តិការងារ និងការប្រឡូកចូលក្នុងឆាកនយោបាយ

ពីឆ្នាំ១៩៦៩ ដល់ ១៩៧៥ លោកជាមួយនឹងយុវជននៅទីក្រុងរាប់លាននាក់ផ្សេងទៀត ត្រូវបានបញ្ជូនឲ្យទៅធ្វើជាកម្មករកសិកម្ម ដោយរដ្ធាភិបាលកុម្មុយនិស្ត នៅលាងជាហេ​ (Liangjiahe) នៅក្នុងខេត្តសានស៊ី។ នៅឆ្នាំ១៩៧៤ លោក ស៊ី ជិនពីង បានក្លាយជាសមាជិកបក្សជាផ្លូវការ ដោយបម្រើការជាលេខា ហើយពីឆ្នាំ ១៩៧៩ ដល់ ១៩៨២ លោកបានបម្រើជាលេខាផ្ទាល់របស់លោក ហ្គេង បៅ (Geng Biao)​ ដែលនៅពេលនោះលោកជា ឧបនាយករដ្ធមន្ត្រី និងជារដ្ធមន្ត្រីក្រសួងការពារជាតិ​នៅក្នុងរដ្ធាភិបាលកណ្តាលចិន។ ពីឆ្នាំ ១៩៨២ ដល់ ១៩៨៥ លោកបម្រើការជាលេខារង និងបន្ទាប់មកជាលេខានៅតំបន់ ចេងទីង (Zhengding) ខេត្តហេប៉ី (Hebei) ។ នៅខែមេសា ឆ្នាំ១៩៨៥ គាត់បានធ្វើ​ដំណើរ​ជាលើកដំបូង​​ទៅ​កាន់សហរដ្ឋ​អាមេរិក ​ក្នុងនាមជាគណៈប្រតិភូ​កសិកម្ម។ ពីឆ្នាំ ១៩៨៥-១៩៨៨ ​លោកជាអភិបាលក្រុងរង នៃក្រុងសៅម៉ីន (Xiamen) នៅ ខេត្ត ហ្វូ៊ចៀន (Fujian)។ ពីឆ្នាំ ១៩៨៨-១៩៩០ លោកជា លេខាបក្ស នៅ នីងដេ (Ningde) ក្នុងខេត្ត Fujian ។ ពីឆ្នាំ ១៩៩០ ដល់ ១៩៩៦ លោកជាលេខាបក្ស ហ្វូ៊ជូ (Fuzhou) ក្នុង ខេត្ត Fujian ។ ពីឆ្នាំ ​១៩៩៦ ដល់ ១៩៩៩ លោកជាអនុលេខាបក្សនៅខេត្ត​ Fujian ។ ពីឆ្នាំ ១៩៩៩ ដល់ ២០០០ ជាអភិបាលខេត្តរង​ នៅខេត្ត Fujian ។ ពីឆ្នាំ ២០០០ ដល់​២០០២ ជាអភិបាលខេត្ត Fujian ។ ពីឆ្នាំ​ ២០០២ ដល់ ២០០៧ លោកជាលេខាបក្សខេត្ត ចេចៀង (Zhejiang)។ នៅឆ្នាំ ២០០៧ លោកត្រូវបានតែងតាំងជាលេខាបក្សនៃទីក្រុងសៀងហៃ។ នៅខែតុលា ឆ្នាំ ២០០៧-បច្ចុប្បន្ន លោកជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ។ ពីឆ្នាំ ២០០៧ ដល់ ២០១៣ លោកជាប្រធានសាលាបក្សកណ្តាល។ ពីឆ្នាំ ២០០៨-២០១៣ លោកជាអនុប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។ ពីឆ្នាំ ២០១០-២០១២ លោកជាអនុប្រធានគណៈកម្មការយោធាមជ្ឈិម។ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១២ លោកបាន ថ្លែងសុន្ទរកថាអំពីគោលនយោបាយនៅទីក្រុងវ៉ាស៊ីនតោន និងជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក គឺលោក បារ៉ាក់ អូបាម៉ា។ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១២ លោកបានស្នងតំណែងជំនួសលោក ហូ៊ ជីនតៅ (Hu Jintao) ជាអគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាល CPC និងជាប្រធាន CMC ។ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ លោក Xi ត្រូវបានតែងតាំងជាប្រធានាធិបតីចិនដោយសភា។

skynews-china-president-xi_4804116

នៅខែតុលា ឆ្នាំ២០១៤ "អភិបាលកិច្ចនៃប្រទេសចិន" ដែលជាបណ្តុំនៃសុន្ទរកថារបស់លោក Xi ត្រូវបានបោះពុម្ពផ្សាយ។នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ លោក អូបាម៉ា និងលោក ស៊ី ប្រកាសកិច្ចព្រមព្រៀងស្តីអំពីការផ្លាស់ប្តូរអាកាសធាតុ ដែលនឹងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់របស់ប្រទេសទាំងពីរឱ្យជិតមួយភាគបី ក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខ។ នៅថ្ងៃទី២២-២៧ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋលើកដំបូង លោក Xi បានជួបជាមួយលោក Obama ។ នៅថ្ងៃទី២០-២៣ ខែតុលា ឆ្នាំ២០១៥ លោកបានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងទៅកាន់ចក្រភពអង់គ្លេស ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងការទូត។ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៥ លោកបានជួបជាមួយប្រធានាធិបតីតៃវ៉ាន់ ម៉ា យ៊ីង ជឺ (Ma Ying-jeou) នៅប្រទេសសិង្ហបុរី ដែលជាជំនួបលើកដំបូងរវាងមេដឹកនាំចិន និងតៃវ៉ាន់ ចាប់តាំងពីសង្គ្រាមស៊ីវិលចិនបានបញ្ចប់នៅឆ្នាំ១៩៤៩។ នៅខែមេសា ឆ្នាំ២០១៦ លោកបានទទួលងារជា "មេបញ្ជាការ" នៃមជ្ឈមណ្ឌលបញ្ជាការប្រយុទ្ធនៃកងកម្លាំងរួមថ្មី ដោយពង្រឹងការគ្រប់គ្រងយោធារបស់គាត់។ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ លោកត្រូវបានប្រកាសថាជា "ស្នូលនៃគណបក្សកុម្មុយនិស្តចិន" ។ នៅថ្ងៃទី៦-៧ ខែមេសា ឆ្នាំ២០១៧ លោកបានទៅធ្វើទស្សនកិច្ចប្រធានាធិបតីអាមេរិក ដូណាលដ៍ ត្រាំ (Donald Trump) នៅអចលនទ្រព្យ ម៉ា អាឡាហ្គូ (Mar-A-Lago) ក្នុង ផាម ប៊ីច (Palm Beach) រដ្ឋ ហ្វ្លរីដា (Florida) ដើម្បីពិភាក្សាគ្នាអំពី ការចរចាពាណិជ្ជកម្ម និងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ តាមរយៈគណបក្ស លោកបានស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីអនុញ្ញាតឱ្យលោក អាចកាន់តំណែងជាប្រមុខរដ្ឋរបស់ប្រទេសរហូត។ ហើយសភាចិនបានអនុម័តការធ្វើវិសោធនកម្មដ៏ចម្រូងចម្រាសនេះនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨។​នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ លោកបានចាប់ផ្តើមអាណត្តិទីពីរជាប្រធានាធិបតី ដោយគ្មានកំណត់អាណត្តិ។

GR2yLhxzlYOzdX837q-TaFbsrZIny2vMFlAzkSOCzEU

ស្នាដៃ និងបញ្ហាចម្រូងចម្រាស​

ដោយបំពេញទៅតាមការសន្យាមុនដំបូងរបស់លោកនៅពេលចូលកាន់តំណែង លោកបានចាប់ផ្តើមធ្វើយុទ្ធនាការភ្លាមៗដើម្បីដោះស្រាយវិបត្តិអំពើរពុករលួយរបស់រដ្ធាភិបាល ហើយលោកបានបញ្ជាឲ្យចាប់ខ្លួនឥស្សរជនធំៗមួយចំនួនដោយរួមទាំងអតីតប្រធានសន្តិសុខ ជូ យុងខាង (Zhou Yongkang) ហើយនៅឆ្នាំ ២០១៤ លោកបានពិន័យមន្ត្រីជាង ១០០,០០០ នាក់។ លោកបានបង្កើតគោលនយោបាយ និងដាក់ចេញនូវផែនការធ្វើកំណែទម្រង់សេដ្ធកិច្ចជាច្រើនដើម្បីជួយជំរុញសេដ្ធកិច្ចចិន ជាពិសេសនៅក្នុងឆ្នាំ២០១៤​ លោកបានផ្តួចផ្តើមគំនិត "ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ" ហើយបានបើកឲ្យដំណើរការ ធនាគារវិនិយោគហេដ្ធារចនាសម្ព័ន្ធអាស៊ីដ៏មានមហិច្ឆតា។​ ចំណែកឯក្នុងស្រុកវិញ លោកបានពង្រីកអំណាចរបស់ធនាគារឯកជន និងអនុញ្ញាតឲ្យវិនិយោគិនអន្តរជាតិធ្វើពាណិជ្ជកម្មភាគហុ៊នដោយផ្ទាល់នៅលើទីផ្សារភាគហ៊ុនសៀងហៃ។ បន្ទាប់មកលោកបានធ្វើកំណែរទម្រង់ច្បាប់មួយចំនួនដែលបានអនុម័តដោយអ្នកកាន់តំណែងមុនៗ ជាពិសេស​ លោកបានបញ្ចប់ជាផ្លូរការនូវគោលនយោបាយ កូនទោល របស់ចិននៅក្នុងឆ្នាំ២០១៥ ហើយនិងការលុបបំបាត់ប្រព័ន្ធ "ការអប់រំឡើងវិញតាមរយៈកម្លាំងពលកម្ម"។ ម្យ៉ាងវិញទៀត លោកក៏បានព្យាយាមលុបបំបាត់ឥទ្ធិពលលោកខាងលិច នៅក្នុងកម្មវិធីសិក្សារបស់សាលា ហើយបានដាក់កម្រិតពីការចូលប្រើអ៊ីនធឹណេតរបស់សាធារណៈជនផងដែរ។ ក្រៅពីការខិតខំពង្រឹងវិស័យសេដ្ធកិច្ច និងរដ្ធបាល លោក ស៊ី ក៏បានព្យាយាមធ្វើកំណែទម្រង់វិស័យយោធាទាំងជើងទឹកនិងផ្លូវអាកាសឲ្យកាន់តែប្រសើរឡើងដើម្បីសម្រេចមហិច្ឆតារបស់លោក ក្នុងការដឹកនាំប្រទេសចិនឲ្យក្លាយជាមហាអំណាចលេខមួយនៅលើពិភពលោកក្នុងសតវត្សរ៍ទី២១ ហើយលោកបានបញ្ជាឲ្យសាងសងកោះសិប្បនិមិត្តដើម្បីអភិវឌ្ឍវិស័យយោធានៅក្នុងទឹកដីដែលមានជម្លោះនៃសមុទ្រចិនខាងត្បូង។ ទោះបីជាយ៉ាងណាក៏ដោយ ការដឹកនាំរបស់លោកក៏មានការរិះគន់មួយចំនួនផងដែរ ទាក់ទងទៅនឹងការបង្ក្រាបអំពើរពុករលួយ ពីព្រោះបើតាមការចោទប្រកាន់ ការបង្រ្កាបរបស់លោកផ្តោតសំខាន់តែទៅលើ ក្រុមប្រឆាំង ហើយគណបក្ស CCP របស់លោកក៏រងការរិះគន់ពីក្រុមសិទ្ធិមនុស្សដែរ ចំពោះការចាប់ដាក់គុកអ្នក កាសែត មេធាវី និងប្រជាពលរដ្ឋមួយចំនួនដទៃទៀត៕

បកប្រែដោយ៖ ម៉ៅ​ គុយដង់


ថ្ងៃចន្ទ, 25 ខែមេសា 2022 08:55  វេទិកាជោគជ័យ