ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារ បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងប្រធានសាខាបក្សភូមិ នៅស្រុកបាធាយ ខេត្តកំពង់ចាម នារសៀលថ្ងៃសៅរ៍ទី២៣ ខែមេសា ឆ្នាំ២០២២។
ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានស្នើសុំដល់ ក្រុមការងារ បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងប្រធានសាខាបក្សភូមិទាំងអស់ រក្សាឲ្យបាននូវស្មារតីសាមគ្គី ឯកភាពផ្ទៃក្នុងបានរឹងមាំក្នុងការអនុវត្តផែនការសកម្មភាពជាក់ស្តែងឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ឲ្យទទួលបានជោគជ័យរួមជូនគណបក្ស និងប្រជាជនកម្ពុជា។
ឯកឧត្តម បានលើកឡើងបន្តថា ដើម្បីរក្សាឲ្យបាននូវប្រៀបឈ្នះក្នុងការបោះឆ្នោត តម្រូវឲ្យបេក្ខជនឈរឈ្មោះ ក្រុមការងារ និងប្រធានសាខាបក្សភូមិ រួមគ្នាបន្តខិតខំបន្ថែមទៀត ចុះតាមខ្នងផ្ទះពង្រឹង ពង្រីកក្រុមបក្ស គ្រួសារបក្ស សមាជិកបក្ស ក៏ដូចជាដឹងសុខទុក្ខ កិច្ចការប្រឈម និងដោះស្រាយសំណើសំណូមពរចាំបាច់នានា របស់ប្រជាជនក្នុងមូលដ្ឋានរក្សាឧត្តមភាព និងពង្រីកជំនឿជឿជាក់របស់មហាជន មកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី០៥ ខែមិថុនាឆ្នាំ២០២២ ខាងមុខនេះ។