ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន និងបង្ហាញពីការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភាកម្មទន្លេបាសាក់។
នៅក្នុងជំនួបតាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានលើកឡើងថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភាកម្មទន្លេបាសាក់ នឹងធ្វើឱ្យប្រសើរឡើងការដឹកជញ្ជូនតាមផ្លូវទឹក និងភស្តុភារកម្ម ក៏ដូចជាធ្វើឱ្យប្រសើរឡើងបណ្តាញផ្លូវទឹករបស់កម្ពុជា ឱ្យមានការតភ្ជាប់ដោយរលូននិងផ្ដល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ ជួយជំរុញឱ្យមានការដឹកជញ្ជូនតាមផ្លូវទឹក ច្រើនជាងការដឹកជញ្ជូនតាមផ្លូវគោកផងដែរ។
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានលើកឡើងដែរថា កម្ពុជាសម្បូរទៅដោយបណ្ដាញផ្លូវទឹកទន្លេដែលរួមមាន៖ ទន្លេមេគង្គ បឹងទន្លេសាប ទន្លេបាសាក់ ទន្លេសេកុង ទន្លេសេសាន ទន្លេស្រែពក ក៏ប៉ុន្តែ កម្ពុជាមិនទាន់បានទាញយកសក្កានុពលដ៏ធំធេងនៃធនធានធម្មជាតិទាំងអស់នោះមកប្រើប្រាស់ឱ្យបានក្នុងកម្រិតអតិបរមានៅឡើយនោះទេ។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ផ្លូវនាវាចរណ៍និងប្រព័ន្ធភស្តុភាកម្មទន្លេបាសាក់នេះ នឹងធ្វើឱ្យការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាមានការផ្លាស់ប្ដូរជាវិជ្ជមាន។
សូមរំលឹកថា កាលពីពេលថ្មីៗនេះ ក្រសួងសាធារណការនិងដឹកជញ្ជូន បានសិក្សាពីការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេបាសាក់ ទៅសមុទ្រខេត្តកែប ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដោយពុំចាំបាច់ឆ្លងកាត់តាមប្រទេសវៀតណាម៕
អត្ថបទ៖លាង ឡា