កណ្ដាល៖ អាជ្ញាធរខេត្តកណ្តាល កំពុងបន្តស្វែងរកចាប់ខ្លួនបក្ខពួករបស់ជនដៃដល់ដែលបានធ្វើសកម្មភាពបាញ់ប្រហារលើមន្រ្តីនគរបាល បណ្តាលឱ្យបាត់បង់ជីវិតចំនួន២នាក់ នៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនមួយ កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ស្ថិតក្នុងភូមិចន្ទ្រាថ្មី ឃុំទួលព្រិច ស្រុកអង្គស្នួល។
លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានឱ្យដឹងថា សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យមួយចំនួនដែលពាក់ព័ន្ឋនឹងការបាញ់ប្រហារមកលើសមត្ថកិច្ចបណ្តាលឱ្យមានអ្នកស្លាប់ចំនួន២នាក់។ លោកបានឱ្យដឹងដែរថា សមត្ថកិច្ចក៏កំពុងបន្តស្រាវជ្រាវស្វែងរកបក្ខពួករបស់ជនសង្ស័យបន្ថែមទៀត ដើម្បីយកមកចាត់វិធានការតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ មានករណីផ្ទុះអាវុធបានកើតឡើងបន្ទាប់ពីសមត្ថកិច្ចស្រុកអង្គស្នួល ខេត្តកណ្តាល បានចុះប្រតិបត្តិការបង្រ្កាបជនសង្ស័យ ពាក់ព័ន្ឋការជួញដូរសារធាតុញៀន។
នៅក្នុងហេតុការនេះ ក្រុមជនសង្ស័យបានបាញ់ប្រហារមកលើសមត្ថកិច្ច បណ្តាលឱ្យស្លាប់ចំនួន២នាក់ រួមមាន៖លោក ជុច សុភា នាយប៉ុស្តិ៍រដ្ឋបាលនគរបាលទួលព្រិច និងឈ្មោះ រឹម សុផាន់ណា ជាមន្ត្រីផ្នែកប្រឆាំងគ្រឿងញៀន ស្រុកអង្គស្នួល។
នៅក្នុងប្រតិបត្តិការនេះ នគរបាលបានបាញ់តបតវិញបណ្តាលឲ្យជនសង្ស័យរងរបួសដៃ និងចាប់ខ្លួនបានចំនួន២នាក់ ព្រមទាំងដកហូតអាវុធខ្លីម៉ាករ៉ូឡូ១ដើម ចំណែកបក្ខពួកមួយចំនួនទៀតបានរត់គេចខ្លួនរួច៕