ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ថ្ងៃនេះ ហើយគ្រោងចុះហត្ថលេខាលើឯកសារមួយផងដែរ។
នៅក្នុងពិធីសម្ពោធគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ក្នុងរាជធានីភ្នំពេញជំហានទី៤ កាលពីថ្ងៃទី២០ ខែមេសា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា សម្តេចនឹងធ្វើដំណើរទៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃ២៤ ខែមេសា ដើម្បីចូលរួមវេទិកាទឹក នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍លើកឡើងដែរថា នៅក្នុងដំណើរទស្សនកិច្ចនាថ្ងៃស្អែកនេះ សម្តេចនឹងចុះហត្ថលេខា លើឯកសារមួយចំនួន ជាមួយរដ្ឋាភិបាលជប៉ុន ផងដែរ។
សូមរំលឹកដែរថា កាលពីខែមីនា ឆ្នាំ២០២២ លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។
ដំណើរបំពេញទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុន នៅកម្ពុជា ត្រូវបានចាត់ទុកថា ជាការពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមមាន៖ វិស័យពាណិជ្ជកម្ម និងការវិនិយោគ អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិនិងសន្តិសុខ និងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ជាដើម៕