ភ្នំពេញ៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រកាសចាត់វិធានការតាមផ្លូវច្បាប់ លើបុរសម្នាក់ អំពីការស្លៀកពាក់ឯកសណ្ឋានក្លែង និងការប្រើប្រាស់ឯកសារក្លែង។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះថា កងរាជអាវុធហត្ថ បានឃើញ ក្នុងបណ្ដាញព័ត៌មានសង្គម ហ្វេសប៊ុក គណនីឈ្មោះ “Da Ra” បានផ្សព្វផ្សាយរូបភាព និងការបញ្ចេញមតិមួយចំនួន អំពីការស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា ក្រោយពីទទួលបាននូវព័ត៌មាននេះភ្លាម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យជំនាញពាក់ព័ន្ធធ្វើការស្រាវជ្រាវរកអត្តសញ្ញាណបុគ្គលនោះ ដើម្បីបញ្ជាក់ការពិត។
លោកថា ក្រោយពីធ្វើការស្រាវជ្រាវ និងបានស្តាប់ចម្លើយបុគ្គលឈ្មោះ ប៉ុក ដារ៉ា ជំនាញបានបញ្ជាក់ថា បុគ្គលនេះមិនមាននៅក្នុងបញ្ជីគ្រប់គ្រងចំនួនទ័ពរបស់កងរាជអាវុធហត្ថទេ ចំណែកឯអត្តសញ្ញាណប័ណ្ណនាយទាហាន នៃកងយោធពលខេមរភូមិន្ទលេខ ៩ស១១ធ ៨៧៣៧ ដែលមានឈ្មោះ ប៉ុក ដារ៉ា ឋានន្តរសក្តិ អនុសេនីយ៍ឯក អត្តលេខ១៧៨៧៣៣ ចុះថ្ងៃទី៥ ខែ០៨ ឆ្នាំ២០២០ គឺជាឯកសារក្លែងក្លាយ។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានលើកឡើងថា អំពើរបស់បុគ្គលឈ្មោះ ប៉ុក ដារ៉ា បានប្រព្រឹត្តបទល្មើសដូចមានចែងក្នុងមាត្រា៦១២ “បទប្រើប្រាស់ដោយខុសច្បាប់ នូវសម្លៀកបំពាក់ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណៈ” និងមាត្រា៦៣០ “បទប្រើប្រាស់ឯកសារសាធារណៈក្លែង” នៃក្រមព្រហ្មទណ្ឌ។
ជាមួយគ្នានេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអះអាងថា កងរាជអាវុធហត្ថ នឹងអនុវត្តច្បាប់ ចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌផងដែរ៕