ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញដល់ស្ថាប័នពាក់ព័ន្ឋឱ្យ សហការជាមួយរោងចក្រនានា ដើម្បីចាក់វ៉ាក់សាំងដូសជំរុញជូនកម្មករ កម្មការនី ដើម្បីបង្កើនភាពស៊ាំងក្នុងសហគមន៍។
នៅក្នុងពិធីសម្ពោធគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អាជ្ញាធរត្រូវបន្តការខិតខំរៀបចំការចាក់វ៉ាក់សាំងដូសជំរុញជូនដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាអ្នករត់ម៉ូតូឌុប អ្នកលក់ដូរតាមផ្សារ ដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍ ខណៈការចាក់ត្រឹមដូសទី២ គឺមិនគ្រប់គ្រាន់នៅឡើយទេ ហើយត្រូវទៅចាក់ដូសជំរុញបន្ថែម។
ក្រសួងសុខាភិបាល បានឱ្យដឹងថា នៅក្រោយចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រុមគ្រូពេទ្យ នឹងចុះចាក់វ៉ាក់សាំងកូវីដ-១៩ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ បាត់ដំបង និងខេត្តបន្ទាយមានជ័យ ហើយបណ្តាខេត្តដទៃទៀត នឹងធ្វើឡើងជាបន្តបន្ទាប់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋបានចំនួន ៩២,៨៩ភាគរយ នៃចំនួនប្រជាជនសរុប ១៦លាននាក់៕