ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា មានកត្តាចំនួន៦ បាននាំឲ្យពលរដ្ឋសប្បាយរីករាយខ្លាំងពេលចូលឆ្នាំកន្លងមកនេះ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តរក្សា ការពារនូវសុខសន្តិភាព។
មានប្រសាសន៍ក្នុងពិធីសម្ពោធគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កត្តា៦ ដែលនាំឲ្យពលរដ្ឋសប្បាយរីករាយខ្លាំងពេលចូលឆ្នាំកន្លងមក រួមមាន៖ សុខសន្តិភាព, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, មធ្យោបាយធ្វើដំណើរកាន់តែច្រើន, ប្រាក់ចំណូល, ការកើតឡើងនូវតំបន់ទេសចរណ៍ថ្មី និងភាពស៊ាំសហគមន៍ ដោយសារតែការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩។
នៅក្នុងពិធីដដែលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងដែរថាសន្តិភាព គឺជាការផ្តើម នៃភាពសុខសាន្ត និងការអភិវឌ្ឍនៅកម្ពុជា ហើយបើគ្មានសុខសន្តិភាពទេ ក៏មិនមានភាពសប្បាយរីករាយដូចកាលពីចូលឆ្នាំថ្មីប្រពៃណីខ្មែរកន្លងទៅនេះដែរ។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានលើកឡើងអំពីភាពរីកចំរើនកាន់តែច្រើននៅក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្នផងដែរ ខណៈកាលពីជាង៤០មុន ទីក្រុងបេះដូងខ្មែរមួយនេះគ្មានមនុស្សនៅ ហើយក៏មានសំរាមច្រើនដូចសព្វថ្ងៃនេះផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តរក្សា ការពារនូវសុខសន្តិភាពនេះឲ្យបាន៕