ភ្នំពេញ៖ ឥទ្ឋិពលទ្រនង់សម្ពាធខ្ពស់ និងកម្រិតសម្ពាធទាបខ្សោយ នឹងកើតមានចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែមេសា ហើយអាចបង្កឱ្យមានភ្លៀងធ្លាក់ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់កើតឡើង។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម។
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ឥទ្ឋិពលនេះ នឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា ពី ២៤-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦អង្សាសេ ហើយអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ និងកន្លែងខ្លះក៏អាចមានភ្លៀងច្រើនជាបង្គួរផងដែរ។
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងបន្តថា នៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ ហើយអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមដោយអន្លើ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។
ដោយឡែកនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២២-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ ហើយអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ហើយក្នុងនោះខេត្តកោះកុង អាចទទួលបរិមាណទឹកភ្លៀងច្រើនជាងគេ។
ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម បានជំរុញឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិដែលអាចកើតឡើងជាយថាហេតុ៕
អត្ថបទ៖លាង ឡា