សំណើរនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបរវាងលោកបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជាមួយលោកស្រី Nelly Pousthomis Dalle សាស្ត្រាចារ្យផ្នែកប្រវត្តិសិល្បៈ និងបុរាណវិទ្យាសម័យកណ្តាល នៃសាកលវិទ្យាល័យទូលូស៍ សាធារណរដ្ឋបារាំង (Université de Toulouse Jean Jaurèse) នេះបើយោងតាមលទ្ធផលជំនួប ដែលទើបទទួលបាននៅថ្ងៃទី១៨ ខែមេសា នេះ។
នៅក្នុងជំនួបនោះ លោកស្រី Nelly Pousthomis Dalle បានលើកឡើងពីលទ្ធផលការងារដែលបានអនុវត្ត ជាពិសេសចំណាប់អារម្មណ៍ចំពោះនិស្សិត ដែលបានចូលរួមក្នុងកម្មសិក្សា គឺមានការយកចិត្តទុកដាក់រៀនសូត្រ ត្រងត្រាប់ស្តាប់ការពន្យល់ណែនាំរបស់លោកគ្រូ-អ្នកគ្រូ និងនិស្សិតច្បង ធ្វើឱ្យលោកស្រីសាស្ត្រាចារ្យសប្បាយចិត្តយ៉ាងខ្លាំង។ លោកស្រីបានស្នើឱ្យសាកលវិទ្យាល័យពិនិត្យលទ្ធភាពបញ្ចូលកម្មវិធីអនុវត្តជាក់ស្តែងនៅលើស្ថានីយ ដើម្បីផ្តល់ឱកាសឱ្យនិស្សិតបានហាត់រៀននូវបច្ចេកទេសថ្មីៗ ទាក់ទងនឹងការសិក្សាប្លង់ប្រាសាទ សំណង់បុរាណផ្សេងៗ ដែលជាចំណេះដឹងមូលដ្ឋានសម្រាប់អនុវត្តក្នុងកិច្ចការអភិរក្ស និងជួសជុលប្រាសាទ និងសំណង់បេតិកភណ្ឌវប្បធម៌។
តាមរយៈលទ្ធផលនៃកម្មសិក្សានេះ លោកស្រី និងក្រុមការងារបានសម្រេចជ្រើសរើសនិស្សិតឆ្នើមចំនួន២រូបគឺ៖ ឈ្មោះ ជា គីមជិន (នារី) និងឈ្មោះ ណែម ឆារ៉ាន់ ដើម្បីទៅធ្វើកម្មសិក្សារយៈពេលមួយខែ នៅសាធារណរដ្ឋបារាំង ដែលនឹងចាប់ផ្តើមនៅអំឡុងខែកក្កដា ឆ្នាំ២០២២ខាងមុខ។
នៅក្នុងឱកាសនោះ លោកបណ្ឌិតសាកលវិទ្យាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកស្រីសាស្ត្រាចារ្យ ដែលបានរៀបចំកម្មវិធីបណ្តុះបណ្តាលដល់និស្សិតមហាវិទ្យាល័យបុរាណវិទ្យា ដែលផ្តល់ឱកាសដល់និស្សិតបានហាត់រៀនផ្ទាល់ដល់ទីតាំង និងទទួលបានបទពិសោធន៍ថ្មីៗអំពីកិច្ចការសិក្សាប្លង់ប្រាសាទ និងសំណង់បេតិកភណ្ឌវប្បធម៌។ មិនតែប៉ុណ្ណោះ តាមរយៈគម្រោងនៅខេត្តបាត់ដំបងនេះ ក៏បានផ្តល់ឱកាសដល់និស្សិតបានទៅហ្វឹកហាត់នៅសាធារណរដ្ឋបារាំង ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។
លើសពីនេះទៀត លោកស្រីសាស្ត្រាចារ្យ ក៏បានជួយជ្រោមជ្រែងដល់អតីតនិស្សិតមហាវិទ្យាល័យបុរាណវិទ្យា បានបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យទូលូស៍ផងដែរ៕