ភ្នំពេញ៖ មនុស្សចំនួន៣០នាក់ បានស្លាប់ និងជាង១០០នាក់ទៀត បានរងរបួសធ្ងន់-ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស នាអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ក្នុងរយៈពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ៣ថ្ងៃ បូករួមនឹងថ្ងៃអាទិត្យមួយថ្ងៃទៀត ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ចំនួន៦៥លើក បណ្ដាលឱ្យមនុស្សស្លាប់៣០នាក់ និងរងរបួសធ្ងន់-ស្រាល ចំនួន១១២នាក់។
ក្នុងរបាយការណ៍បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ទាំង៦៥លើកនេះ កើតឡើងដោយសារការបើកបរលើសល្បឿនកំណត់ ,បើកបរមិនគោរពសិទ្ធិ, វ៉ាជែងគ្រោះថ្នាក់ , បត់គ្រោះថ្នាក់ និងស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹងជាដើម។
របាយការណ៍របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ បូករួមនឹងថ្ងៃអាទិត្យមួយថ្ងៃទៀត ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ មានអ្នកទេសចរដើលេងកម្សាន្តប្រមាណជាង៥លាន១៧ម៉ឺននាក់។
ក្រសួងទេសចរណ៍បញ្ជាក់ថា គោលដៅទេសចរណ៍សំខាន់ៗ រយៈពេល៤ថ្ងៃនេះ រួមមាន៖១/ខេត្តបាត់ដំបង ៦៥៣,៨៩៦នាក់,២/ខេត្តកំពង់ចាម ៥៤១,៩០០នាក់,៣/ខេត្តបន្ទាយមានជ័យ ៤៧១,១១៩នាក់,៤/ខេត្តសៀមរាប ៤៥៥,៩៨៤នាក់,៥/ខេត្តព្រៃវែង ៣៩៦,៣២៨នាក់,៦/ខេត្តកំពង់ស្ពឺ ៣៤៥,០១៨នាក់,៧/ខេត្តពោធិ៍សាត់ ៣៣៨,៩១៦នាក់,៨/ខេត្តកំពង់ឆ្នាំង ៣០០,៥៦១នាក់,៩/ខេត្តកំពត ២៨៤,៨៩៣នាក់,១០/ខេត្តព្រះសីហនុ ២៦៤,៣០៨នាក់,១១/រាជធានីភ្នំពេញ ២៤០,៤៦០នាក់៕