ភ្នំពេញ៖ សមត្ថកិច្ច នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ និងដកហូតបាននូវសារធាតុញៀន មានទម្ងន់សរុបជាង៤៦គីឡូក្រាម។
ស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សមត្ថកិច្ចបានបើកការស្រាវជ្រាវមុខសញ្ញាគ្រឿងញៀន រហូតដល់ថ្ងៃទី០៨-១០ ខែមេសា ឆ្នាំ២០២២ ម៉ោង០៦:៣០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានជួបជនសង្ស័យម្នាក់ និងបានដកហូតក្រាមសថ្លា សង្ស័យគ្រឿងញៀនប្រហែល២គីឡូ។
ស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងបន្តថា កម្លាំងជំនាញបានធ្វើការស្រាវជ្រាវបន្តរហូតទទួលបានព័ត៌មានថា មានគ្រឿងញៀនរក្សាទុកនៅក្នុងឃ្លាំងចំនួន៣បាវទៀត ទើបភ្លាមនោះកម្លាំងបានបើកប្រតិបត្តិការចុះឆែកឆេរឃ្លាំងជួលលេខ៨៤២ ស្ថិតក្នុងភូមិតាង៉ូវកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ និងរកឃើញសារធាតុញៀន ចំនួន៤៥ដុំ ថែមទៀត សរុបចំនួន៤៦គីឡូ ២៣៧,៥៧ក្រាម និងឃាត់ខ្លួនអ្នកជួលឃ្លាំងម្នាក់ឈ្មោះ លីវ វ៉ាងថាវ ហៅ ហ៊ូវ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិវៀតណាម និងមនុស្ស ចំនួន០៣នាក់ (ស្រី) មកបំភ្លឺផងដែរ ។
បច្នុប្បន្នពាក់ព័ន្ធទាំង៤នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវីធីច្បាប់៕