ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកទឹកចិត្តឱ្យពង្រឹងចំណងមិត្តភាព, ការជំរុញកិច្ចសហប្រតិបត្តិការ និងការពង្រឹងទំនាក់ទំនងបន្ថែមទៀតរវាងកម្ពុជា និងសមាជិក នៃគំនិតផ្ដួចផ្ដើម ចតុភាគី ជាពិសេសរវាងកម្ពុជា-ឥណ្ឌា។
ការជំរុញនេះបានធ្វើឡើងក្នុងទទួលវ៉ាក់សាំងកូវីដ-១៩ ប្រភេទកូវីស្យែល (CVISHIELD) ចំនួន ៣២៥,០០០ដូស ដែលជាអំណោយរបស់ប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋឥណ្ឌា ក្រោមគំនិតផ្តួចផ្តើមចតុភាគី ជូនចំពោះប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ។
នៅក្នុងពិធីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ក្នុងបរិការណ៍ដែលការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានថមថយ សម្តេចលើកទឹកចិត្តឱ្យមានការពង្រឹងចំណងមិត្តភាព, ការជំរុញកិច្ចសហប្រតិបត្តិការ និងការពង្រឹងទំនាក់ទំនងបន្ថែមទៀតរវាងកម្ពុជា និងសមាជិក នៃគំនិតផ្ដួចផ្ដើម ចតុភាគី ជាពិសេសរវាងកម្ពុជា-ឥណ្ឌា ពាក់ព័ន្ធពាណិជ្ជកម្ម, ការវិនិយោគ, បច្ចេកវិទ្យាព័ត៌មាន, ការបន្ធូរបន្ថយ លក្ខខណ្ឌធ្វើដំណើរ និងការតភ្ជាប់ជើងហោះហើរត្រង់ និងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានប្រសាសន៍លើកឡើងថា វត្តមានរបស់ឥណ្ឌា តាំងពីឆ្នាំ១៩៨១ ក្រោយការបិទបញ្ចប់របបខ្មែរក្រហម បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយស្ដារសង្គម-សេដ្ឋកិច្ចកម្ពុជាឡើងវិញ តាមរយៈជំនួយមនុស្សធម៌ ការជួយគាំទ្រវិស័យពាណិជ្ជកម្ម និងវប្បធម៌ និង ការផ្តល់កម្ចី ហិរញ្ញប្បទាន ជាដើម ទាំងក្នុងក្របខណ្ឌទ្វេរភាគី និងពហុភាគី។ ជាលទ្ធផលទំនាក់ទំនងសង្គម-សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគរវាង កម្ពុជា-ឥណ្ឌា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ បើទោះបីជាមានការថមថយបន្តិចបន្តួចក្នុងអំឡុងពេលនៃ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើងអត្រា ៥,៣ភាគរយ នៅក្នុងឆ្នាំ២០២២ និង ៦,៥ភាគរយ នៅក្នុង២០២៣៕
អត្ថបទ៖លាង ឡា