ភ្នំពេញ៖លោកយាយអាយុ១១៨ឆ្នាំម្នាក់ បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងត្រូវបានក្រុមគ្រូពេទ្យរបស់ក្រសួងសុខាភិបាល ចាក់ជូនរួចរាល់ កាលពីថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២។
ក្រសួងសុខាភិបាល បានឱ្យដឹងថា លោកយាយអាយុ១១៨ឆ្នាំ មានឈ្មោះ រស់ រម្យ ឆ្នាំកំណើត១៩០៤ ក្នុងភូមិស្វាសុខោ ឃុំកំពុងទឹក ស្រុកកំពង់លាវ ខេត្តព្រៃវែង។
ក្រសួងបន្តថា ក្រសួងបានស្វែងរកលោកយាយអាយុ១១៨ឆ្នាំ ក្រោយពេលទទួលព័ត៌មានថា លោកយាយមានបំណងចង់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។លុះបន្ទាប់មកក៏បានរកគាត់ឃើញនៅស្រុកកោះញែក ខេត្តមណ្ឌលគីរី ដោយលោកយាយបានទៅរស់នៅជាមួយកូននៅទីនោះ។
នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២ ក្រុមគ្រូពេទ្យខេត្តមណ្ឌលគីរី ក៏បានស្ពាយយកវ៉ាក់សាំងកូវីដ-១៩ ទៅចាក់ជូនលោកយាយតាមបំណងប្រាថ្នារួចរាល់ហើយដែរ។
គួរកត់សម្គាល់ថា នេះអាចជាករណីទី១ ដែលមានមនុស្សវ័យចំណាស់ជាងគេ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខណៈយុទ្ឋនាការចាក់វ៉ាក់សាំងនាពេលកន្លងទៅមានមនុស្សវ័យចំណាស់អាយុចន្លោះចាប់ពី១០០ឆ្នាំ ទៅ១១៣ឆ្នាំប៉ុណ្ណោះ៕