ព្រឹត្តិការណ៍ “បៃតងសង្រ្កាន” ក្រោមប្រធានបទ “វប្បធម៌ និងព្រៃឈើ” ដែលរៀបចំដោយក្រុមបៃតងវ៉ររៀរស៍ នៅទំនប់ពាមល្វា ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺត្រូវបានរៀបចំឡើងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក៏ដូចជាដើម្បីបណ្តុះស្មារតីពលរដ្ឋឱ្យចេះស្រឡាញ់ធនធានធម្មជាតិនិង ចូលរួមថែរក្សា។
ព្រឹត្តិការណ៏នេះរៀចំឡើងកាលពីរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ សម្សិលមិញ ដោយមានការចូលរួមពី តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកំពង់ស្ពឺ និងក្រុមសិល្បៈករ សិល្បការិនីល្បីៗជាច្រើនរូប។ ការរៀបចំព្រឹត្តិការណ៍នេះមិនត្រឹមតែជាការលើកតំលៃវប្បធម៌ប្រពៃណីជាតិក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរប៉ុណ្ណោះទេ តែក៏ជាព្រឹត្តិការណ៏ ទាក់ទាញទេសចរណ៍វប្បធម៌ និងធម្មជាតិដ៏មានសារៈសំខាន់មួយ ពិសេសការលើកគុណតម្លៃ និងមុខមាត់តំបន់ទេសចរណ៍បឹងធម្មជាតិ ។
ការរៀបចំនេះ ក្រោយពីការខកខានការជួបជុំទ្រង់ទ្រាយធំ អស់រយៈកាលជាង ២ឆ្នាំកន្លងមក ដោយសារតែការរីករាលដាលនៃជំងឺកូវីត១៩ នៅលើសកលលោក ហើយការរៀបចំពិធីនេះបានគឺជាសក្ខីភាពបញ្ជាក់ថា ស្ថានភាពនៃជំងឺកូវីដ-១៩នៅទូទាំងប្រទេស ត្រូវបានគ្រប់គ្រងបានប្រកបដោយជោគជ័យក្រោមការដឹកនាំដ៏ឈ្លាសវៃ មោះមុត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណា ចក្រកម្ពុជា ជាពិសេសបញ្ជាក់ពីជោគជ័យ នៃយុទ្ធនាការជាតិចាក់វ៉ាក់សំាងប្រឆាំងជំងឺកូវីដ-១៩។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលជាអធិបតីក្នុងពិធីនោះបានលើកឡើងថា “បៃតងសង្ក្រាន្ត” មិនមែន ត្រឹម តែជាព្រឹត្តិការណ៍អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងបង្ហាញពីវប្បធម៌ សិល្បៈប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសនៃការបណ្តុះស្មារតីពលរដ្ឋឱ្យចេះគោរពស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិកាន់តែខ្លាំងព្រមទាំង ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើតសេដ្ឋកិច្ចមូលដ្ឋានបង្កើតមុខរបរ និងបង្កើនចំណូលសម្រាប់ជីវភាពរស់នៅរបស់ពលរដ្ឋនៅមូលដ្ឋានតាមរយៈទេសចរណ៍ធម្មជាតិ និងការប្រកបមុខរបរផ្សេងៗ ។
នៅក្នុងព្រឹត្តិការណ៍ “បៃតងសង្ក្រាន្ត” ក៏មានការរៀបចំតូបបង្ហាញផលិតផលរបស់សហគមន៍ ដើម្បីបង្ហាញដល់អ្នកចូលរួមអំពីប្រភេទមុខម្ហូប និងផលិតផលផ្សេងៗ ដែលអ្នកឃុំត្រពាំងជោរមាន។ មិនតែប៉ុណ្ណោះ ក៏មានការរៀបចំតាំងស្នាដៃសិល្បៈ ដែលកែច្នៃពីសំណល់សំរាមប្លាស្ទិក និងសំណល់ផ្សេងទៀតដ៏គួរឱ្យទាក់ទាញ ព្រមទាំងមានការតាំងពិព័រណ៌ពីអន្ទាក់ កាំភ្លើងកែច្នៃ រណារយន្តដែលជាឧបករណ៍បំផ្លិចបំផ្លាញធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ។
ចំណែកលោក តាន់ គឹមសួរ ប្រធានគម្រោងព្រឹត្តិការណ៍បៃតងសង្ក្រាន្តបាន ថ្លែងថាព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងអត្ថន័យដ៏ជ្រាលជ្រៅដើម្បីរួមចំណែកក្នុងការលើកស្ទួយវប្បធម៌និងអភិរក្សព្រៃឈើកម្ពុជា ក៏ដូចជាចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ លោកថា ព្រឹត្តិការណ៍បៃតងសង្ក្រាន្ត គឺជាចលនាមួយនៃការផ្សាភ្ជាប់រវាងមនុស្ស និងមនុស្ស មនុស្សនិងធម្មជាតិ មនុស្សនិងសិល្បៈ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីខ្មែរ និងបណ្ដុះមនសិការយុវជនឱ្យចេះស្រឡាញ់ អភិរក្ស ថែរក្សា និងអភិវឌ្ឍសម្បត្តិធម្មជាតិ មរតកវប្បធម៌ជាតិ។
រីឯលោក សរ សុពុត្រា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺបានវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើមរៀបចំបៃតងសង្ក្រាន្តនេះឡើងដោយបានថ្លែងថា ព្រឹត្តិការណ៍នេះបាននិងកំពង់តែប្រែក្លាយពីតំបន់ដែលឮសំឡេងរណារយន្តកាប់បំផ្លាញព្រៃឈើ ទៅជាកន្លែងសប្បាយរីករាយ។ ជាមួយគ្នានោះ លោក បាន គាំទ្រចំពោះគំនិតផ្តួចផ្តើមទាំងឡាយក្នុងការជំរុញឱ្យតំបន់បឹងពាមល្វាក្លាយជាទីកន្លែង ទេសចរណ៍ដ៏ទាក់ទាញមួយបន្ថែមទៀតសម្រាប់គោលដៅ ទេសចរណ៍៕ (មានជ៍យ)