ភ្នំពេញ៖ ជនសង្ស័យប្រុស ស្រី ចំនួន៤៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស នាថ្ងៃទី៩ ខែមេសា និងដកហូតបានសារធាតុញៀនមួយចំនួន។
របាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំង៤៨នាក់ រួមមាន ៖ជួញដូរ ៧ករណី ឃាត់ខ្លួន ៨នាក់, ប្រើប្រាស់ ១០ករណី ឃាត់ខ្លួន៣៩នាក់ និងបើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ខ្លួនម្នាក់ ។
ជាមួយគ្នានេះ សមត្ថកិច្ចចាប់យកវត្ថុតាងសរុប រួមមាន៖មេតំហ្វេតាមីន (Ice) = ១៣,១៩ក្រាម និង១៥កញ្ចប់តូច ។
គួរបញ្ជាក់ថា នាពេលថ្មីៗនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់អង្គភាពពាក់ព័ន្ធឱ្យធ្វើការរួមគ្នាលុបបំបាត់បញ្ហាគ្រឿងញៀននៅកម្ពុជា ខណៈនិន្នាការ នៃការផលិត ការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ជាសកល ជាពិសេសគ្រឿងញៀនសំយោគកាន់តែមានការកើនឡើង៕