តាមរយៈការធ្វើបដិសណ្ឋារកិច្ចប្រកបដោយគុណភាព និងការធានាសន្តិសុខ សុវត្ថិភាពទេសចរបានល្អ ជាទីទុកចិត្តពីសំណាក់ភ្ញៀវទេសចរ គឺជាបច្ច័យដ៏ល្អក្នុងការទាក់ទាញភ្ញៀវទេសចរ និងផ្សព្វផ្សាយពីកិត្តិសព្ទប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។នេះជាការលើកឡើងរបស់លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍នៅក្នុងពិធីបើកសិក្ខាសាលា ស្តីពី “បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព” នៅខេត្តសៀមរាប កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ម្សិលមិញ។ លោកថា ការធ្វើបដិសណ្ឋារកិច្ចទទួលទេសចរ គឺជាកត្តាមូលដ្ឋានដំបូងដ៏សំខាន់មួយក្នុងការធានាបានភាពកក់ក្តៅ និងភាពពេញចិត្តរបស់ទេសចរ ដែលមកទស្សនាកម្ពុជា។
លោករដ្ឋលេខាធិការបានបញ្ជាក់ថា ដើម្បីចូលរួមគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកប្រទេសទទួលទេសចរអន្តរជាតិ និងការយកចិត្តទុកដាក់របស់ក្រសួងទេសចរណ៍ ក្នុងការរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រដើម្បីធានាបាននិរន្តរភាពទេសចរណ៍ ទើបសិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ហើយសិក្ខាសាលានេះ គឺជាឱកាសមួយផ្សារភ្ជាប់ការចូលរួមរបស់សិក្ខាកាម ក្នុងការផ្តល់ភាពកក់ក្តៅ និងភាពពេញចិត្តជូនទេសចរ។
លោកបានស្នើសិក្ខាកាមទាំងអស់គ្នា ឲ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ភ្ញៀវទេសចរ ដោយទឹកមុខញញឹម រួសរាយរាក់ទាក់ ទន់ភ្លន់ តែម៉ឹងម៉ាត់ក្នុងការងារ ដើម្បីចូលរួមស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ប្រកបដោយចីរភាព គុណភាព សុវត្ថិភាព និរន្តរភាព ការទទួលខុសត្រូវ និងបរិយាបន្ន ក្នុងបុព្វហេតុលើកកម្ពស់ថែមទៀត នូវកិត្យានុភាពកម្ពុជា ពីព្រោះកម្ពុជាបានក្លាយជាគោលដៅទេសចរណ៍គុណភាពលំដាប់ពិភពលោក ប្រកបដោយភាពជឿទុកចិត្ត និងភាពទាក់ទាញ។
វិស័យទេសចរណ៍ ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាមាសបៃតង គឺជាវិស័យមួយដែលចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច-សង្គម បង្កើតការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជាការនាំចេញនៅនឹងកន្លែង ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមថែរក្សាអភិរក្សបរិស្ថាន ឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព។
ក្នុងរយៈពេលជាង១០ឆ្នាំ កន្លងទៅ ត្រឹមឆ្នាំ២០១៩ វិស័យទេសចរណ៍កម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងអត្រាកំណើនទេសចរអន្តរជាតិជាមធ្យម១២ ភាគរយក្នុងមួយឆ្នាំ។ បន្ទាប់មកចាប់តាំងពីដើមឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២១ វិស័យទេសចរណ៍កម្ពុជា ក៏ដូចជាពិភពលោកទាំងមូលចាប់ផ្តើមទទួលរងឥទ្ធិពលជាអវិជ្ជមានយ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ-១៩៕