ខេត្តបាត់ដំបង ៖ អាជ្ញាធរខេត្តបាត់ដំបង បានទទួលយកពលរដ្ឋខ្មែរ ចំនួន៤៥៥នាក់ ដែលទើបត្រលប់មកពីប្រទេសថៃ ក្រោមការត្រួតពិនិត្យ និងរឹតបន្តឹង ដើម្បីការពារជំងឺកូវីដ-១៩។
របាយការណ៍របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឱ្យដឹងថា នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២នេះ អាជ្ញាធរបានទទួលពលរដ្ឋចំនួន ៤៥៥នាក់ ត្រឡប់ចូលប្រទេសកម្ពុជាវិញ តាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។
របាយការណ៍បានឱ្យដឹងថា សមត្ថកិច្ចបានសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ និងធ្វើតេស្តរហ័ស លើពលរដ្ឋទាំងអស់ ហើយពុំមានជំងឺកូវីដ-១៩នោះទេ។
យ៉ាងណាក៏ដោយ អាជ្ញាធរបានអះអាងថា មានពលរដ្ឋចំនួន១២នាក់ ត្រូវបានបញ្ជូនទៅធ្វើ ចត្តាឡីស័ក នៅមណ្ឌលគីឡូ៩ ស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ខណៈអ្នកដែលមានកាតចាក់វ៉ាក់សាំងត្រឹមត្រូវ ចំនួន៤៤៣នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ។
ជាមួយគ្នានេះ សមត្ថកិច្ចបានបញ្ជាក់ថា នគរបាលការពារព្រំដែនគោក នឹងបន្តតាមដានជាប់ជាប្រចាំដើម្បីការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន ព្រមទាំងស្រាវជ្រាវរកមុខសញ្ញាមេខ្យល់នាំពលករចេញដោយមិនស្របច្បាប់ក្នុងភូមិសាស្រ្តរបស់ខ្លួន ដើម្បីចាត់វិធានការតាមនីតិវិធីផងដែរ៕