ភ្នំពេញ៖ ទ្រព្យសម្បត្តិរបស់រកស៊ីកែច្នៃសំណាកសត្វព្រៃខុសច្បាប់ម្នាក់ រស់នៅក្នុងរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចចម្រុះចុះអនុវត្តដីកាបង្កកតាមកាសម្រេចរបស់លោក ស៊ិន សុវណ្ណ រ័ត្ន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
ការអនុវត្តដីកានេះ បានធ្វើឡើងនៅចំណុចផ្ទះលេខ៣៨ ផ្លូវលេខ១១B ស្ថិតក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ បន្ទាប់ពីអ្នកកែច្នៃសំណាកសត្វព្រៃ ត្រូវបានចៅក្រមសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន កាលពីពេលថ្មីៗនេះ។
ប្រភពពីសមត្ថកិច្ចចុះអនុវត្តដីកាបានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើ រាជធានីភ្នំពេញ បានស្រាវជ្រាវរកឃើញបទល្មើសក្នុងផ្ទះខាងលើ និងបានឃាត់ខ្លួនឈ្មោះ ឡា សេងងួន អាយុ ៤២ឆ្នាំ ដែលធ្វើពាណិជ្ជកម្ម សន្និធិ កែច្នៃសំណាកសត្វព្រៃក្នុងក្រុមកម្រ និងជិតផុតពូជ ខណៈអ្នកពាក់ព័ន្ធចំនួន៣នាក់ទៀត បានគេចខ្លួន។
ប្រភពបានឱ្យដឹងបន្តថា ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចស្រាវជ្រាវរកឃើញការកែច្នៃបានមកពីផលធ្វើពាណិជ្ជកម្ម សន្និធិ កែច្នៃសំណាកសត្វព្រៃក្នុងក្រុមកម្រ និងជិតផុតពូជ តាំងពីអំឡុងចុងឆ្នាំ២០១៩ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។
សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបង្កកទ្រព្យសម្បត្តិរបស់ឈ្មោះ ឡា សេងងួន រួមមាន៖ ផ្ទះនិងសម្ភារផ្សេងៗទៀត ដោយហាមមិនឱ្យលក់ដូរ ផ្ទេរកម្មសិទ្ធិ ជួល បញ្ចាំ និងធ្វើអំណោយផ្សេងៗ រហូតមានដីកាសម្រេចថ្មីពីសាលាដំបូងរាជធានីភ្នំពេញ៕