នៅថ្ងៃទី៦ ខែ មេសា ឆ្នាំ ២០២២ គ្រឹះស្ថាន ឃេស អុិននើវេសិន ម.ក និង ធនាគារវីង (ខេមបូឌា) ម.ក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីផ្តល់សេវាទួទាត់ងាយស្រួល និងឆាប់រហ័សព្រមទាំងមានសុវត្ថិភាពដល់អ្នកស្វែងរកសេវាសាធារណៈនៅការិយាល័យច្រកចេញចូលតែមួយនៅទូទាំងប្រទេសកម្ពុជា។
សូមបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ លោក ប៉េះ គឹមស្រ៊ាន ជានាយកប្រតិបត្តិរបស់គ្រឹះស្ថាន ឃេស អុិននើវេសិន និង លោក ហាន ប៉េងក្វាង ជាអគ្គនាយកនៃធនាគារវីង ដែលមានគោលបំណង ដាក់បញ្ចូលសេវាទូទាត់តាមប្រព័ន្ធ ឌី ជី ថល បែបទំនើបនៃធនាគារ វីង ទៅក្នុងថ្នាល ទូទាត់ប្រាក់របស់ ឃេស អុិននើវេសិន ដើម្បីផ្តល់ជម្រើសទូទាត់ប្រាក់កាន់តែច្រើននៅតាមការិយាល័យច្រកចេញចូលតែមួយ និងជួយជំរុញឲ្យមានការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលកាន់តែច្រើននៅប្រទេសកម្ពុជា។
នៅក្នុងពិធីនេះ លោក ប៉េះ គឹមស្រា៊ន ជានាយកប្រតិបត្តិនៃគ្រឹះស្ថាន ឃេស អុិននើវេសិន បានមានប្រសាសន៍ថា៖ “ភាពជាដៃគូររវាង ឃេស អុិននើវេសិន និង ធនាគារ វីងនេះ នឹងជួយពន្លឿនដល់ប្រព័ន្ធទូទាត់ប្រាក់ឌីជីថល នៅកម្ពុជា ព្រមទាំងជួយពន្លឿន សេដ្ធកិច្ច ឌី ជី ថល របស់កម្ពូជាផងដែរ។ ខ្ញុំពិតមានមោទនភាពខ្លាំងណាស់ ចំពោះអ្វីដែល យើងបានសម្រេចនៅថ្ងៃនេះ ដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាជនកម្ពុជាទាំងអស់គ្នា។” ចំណែកលោក ហាន ប៉េងក្វាង ជាអគ្គនាយកនៃធនាគារវីង បានមានប្រសាសន៍ថា៖ “ប្រព័ន្ធទូទាត់ឌីជីថលរបស់ធនាគារ វីង ត្រូវបានគេស្គាល់យ៉ាងច្រើន និងត្រូវបានប្រជាជនកម្ពុជា គ្រប់រូបប្រើប្រាស់យ៉ាងទូលំទូលាយ។ ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងសម្រាប់កិច្ចសហការរបស់យើងនៅថ្ងៃនេះ ដែល ឃេស បានអនុញ្ញាត ឲ្យយើងផ្តល់សេវាកម្មដើម្បីគាំទ្រការិយាល័យច្រកចេញចូលតែមួយនៅទូទាំងប្រទេសដោយផ្តល់នូវជម្រើសទូទាត់ដ៏ងាយស្រួលនៅពេលប្រើប្រាស់សេវាសាធារណៈនៅក្នុងសហគមន៍យើង។” ប្រជាជន និងក្រុមហ៊ុន អាជីវកម្មផ្សេងៗដែលស្នើសុំសេវាសាធារណៈអាចធ្វើការទូទាត់របស់ពួកគេដោយប្រើ WingPay QR នៅបញ្ជរនៃការិយាល័យច្រកចេញចូលតែមួយ។
ពួកគេក៏អាចយកបង្កាន់ដៃដែលមានលេខយោងទៅកាន់ ភ្នាក់ងារវីងណាមួយ និងធ្វើការទូទាត់បានផងដែរ។ ដូចគ្នានេះដែរ ពួកគេក៏អាចជ្រើសរើស វីង ជាជម្រើសបង់ប្រាក់នៅលើគេហទំព័រនិងកម្មវិធីទូរស័ព្ទរបស់ ឃេស ក៏ដូចជា គេហទំព័រនិងកម្មវិធីទូរស័ព្ទរបស់ការិយាល័យច្រកចេញចូលតែមួយ។ ការិយាល័យច្រកចេញចូលតែមួយ ផ្តល់សេវាទៅលើវិស័យចំនួន ១៤ ស្មើនឹង ៣១១សេវា សម្រាប់ថ្នាក់ក្រោមជាតិ និងទាំងនៅទីក្រុង និងតាមខេត្តនានារួមមាន៖ ១. វិស័យសុខាភិបាល ២. វិស័យទេសចរណ៍ ៣. វិស័យសាធារណការ និងដឹកជញ្ជូន ៤. វិស័យវប្បធម៍ និងវិចិត្រសិល្បៈ ៥. វិស័យពត៏មាន ៦. វិស័យបរិស្ថាន ៧. វិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ៨. វិស័យរ៉ែ និងថាមពល ៩. វិស័យពាណិជ្ជកម្ម ១០. វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ១១. វិស័យកសិកម្ម ព្រៃឈើ និងនេសាទ ១២. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ១៣. ការងាររដ្ឋបាល និង ១៤. ការងារផ្នែកច្បាប់។ទាំង ធនាគារ វីង និង គ្រឹះស្ថាន ឃេស អ៊ិននើវេសិន មានគោលដៅរួមមួយគឺប្រើប្រាស់ជំនាញទូទាត់ឌីជីថលរបស់ខ្លួនដើម្បីកែលម្អជីវភាពប្រចាំថ្ងៃរបស់សហគមន៍និងគាំទ្ររាជរដ្ឋាភិបាលយ៉ាងពេញលេញក្នុងការលើកកម្ពស់សេដ្ឋកិច្ចឌីជីថលនៅប្រទេសកម្ពុជា៕