ភ្នំពេញ៖ ឧបករណ៍បច្ចេកទេសពិន័យបទល្មើសចរាចរណ៍ចំនួន ៣០០គ្រឿង ត្រូវបានប្រគល់ជូនទៅស្នងការដ្ឋាននគរបាលទូទាំងរាជធានី-ខេត្ត សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីដកពិន្ទុបណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោក។
នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានអចិន្ត្រៃយន៍នៃអនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងថា សមត្ថកិច្ចនឹងធ្វើការងារជាក់ស្តែងលើប្រតិបត្តិការគ្រប់គ្រងការផាកពិន័យបទល្មើសចរាចរណ៍លើដងផ្លូវក្រោមការកែទម្រង់ការងារថ្មី និងការទទួលភារកិច្ចសំខាន់នៅលើផ្លូវល្បឿនលឿន ដែលជាការកែទម្រង់ពិន័យអន្តរការណ៍ ចំពោះបទល្មើសចរាចរណ៍ផ្លូវគោកតាមរយៈសេចក្តីណែនាំ។
នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានលើកឡើងថា សមត្ថកិច្ចនឹងអនុវត្តវិធានការរឹតបន្តឹង និងការដាក់ពិន័យចំពោះបទល្មើសចរាចរណ៍ ឱ្យមានប្រសិទ្ធភាព និងចាប់មុខសញ្ញាដែលគេចខ្លួនព្រមទាំងវិធានការផ្សព្វផ្សាយអប់រំឱ្យបានទូលំទូលាយផងដែរ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ឧបករណ៍បច្ចេកវិទ្យាថ្មីនេះ មានតួនាទីគ្រប់គ្រងទិន្នន័យ អំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
ក្រសួងឱ្យដឹងបន្តថា កម្មវិធីនេះ ក៏អាចទាញយកជារបាយការណ៍ នៃការផាកពិន័យ ប្រចាំថ្ងៃ ប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំ និងដកពិន្ទុបណ្ណបើកបរផងដែរ៕