ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា គ្រោងយកខេត្ត ឬតំបន់មួយចំនួន ដើម្បីដកចេញបម្រាមមិនពាក់ម៉ាស់ ដើម្បីកាត់បន្ថយការចំណាយ ខណៈអត្រាឆ្លងជំងឺកូវីដ-១៩ បានថយចុះគួរឱ្យកត់ សម្គាល់។
មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០២២នេះ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កម្ពុជានឹងជ្រើសយកបណ្តាខេត្ត ឬតំបន់មួយចំនួន ដើម្បីដកចេញបម្រាម មិនពាក់ម៉ាស់ ដើម្បីសាកល្បង ខណៈការពាក់ម៉ាស់ក៏ជាការចំណាយមួយផ្នែកដែរ។
សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងទៀតថា សម្តេចកំពុងពិចារណា និងពិនិត្យលើស្ថានភាពឆ្លងនៃជំងឺកូវីដ-១៩ ដើម្បីប្រកាសដកចេញបម្រាម មិនពាក់ម៉ាស់ លើខេត្តគោលដៅណាមួយនាពេលខាងមុខ។
យ៉ាងណាក៏ដោយ សម្តេច តេជោ ហ៊ុន សែន បានលើកឡើងថា ការពាក់ម៉ាស់នៅតែជាការការពារមួយដ៏សំខាន់ បន្ទាប់ពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។
របាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១៣៥៧៤៧នាក់ និងមានករណីស្លាប់ ចំនួន៣០៥៤នាក់។ជាមួយគ្នានេះ កម្ពុជាសម្រេចបាននូវលទ្ធផលចាក់វ៉ាក់សាំង ប្រមាណ៩២,៦៩ភាគរយ បើធៀបនឹងចំនួនប្រជាជនសរុប១៦លាននាក់៕