បាត់ដំបង ៖ ស្រ្តីវ័យ២២ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង ឃាត់ខ្លួន បន្ទាប់ពីស្រាវជ្រាវរកឃើញថា បានសម្លាប់ទារិកាម្នាក់ ដោយបោះចោលក្នុងទឹកប្រឡាយ ដែលមានអាយុទើបតែ១ខែ១០ថ្ងៃ។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឱ្យដឹងថា ក្នុងលទ្ធផលនៃការស្រាវជ្រាវនេះ សមត្ថកិច្ចបានសម្រេចធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហន សាមេន ភេទស្រី អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង។
កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ សមត្ថកិច្ចបានបើកការស្រាវជ្រាវក្រោយពេលប្រទះឃើញសពក្មេងស្រីអណ្តែតក្នុងទឹកប្រឡាយមួយកន្លែង ស្ថិតនៅភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យជាម្តាយតែម្តង។
ស្ត្រីជាជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានធ្វើសកម្មភាពតែម្នាក់ឯង ដោយយកកូនស្រីបង្កើតដែលមានអាយុទើប ០១ខែ១០ថ្ងៃ ទៅបោះចោលឱ្យស្លាប់ក្នុងទឹកប្រឡាយទឹក ដោយសារតែកូនរបស់ខ្លួនតែងយំនៅពេលយប់ ចាប់ពីម៉ោង ២១និង០០នាទី រហូតដល់ម៉ោង០៤និង០០នាទី ព្រឹកទើបបាត់យំ។
ស្រ្តីរូបនេះ បានសារភាពទៀតថា ម្យ៉ាងដោយខ្លួនមានការហត់នឿយជាមួយបញ្ហានេះផង និងជីវភាពក្រីក្រផង ក៏យកកូនទៅបោះចោលក្នុងទឹកប្រឡាយក្រោយផ្ទះតែម្តង។
បច្ចុប្បន្ន សមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនស្រ្តីសង្ស័យទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕