មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តកំពង់ស្ពឺ និងសមាគមគោ ខេត្តកំពង់ស្ពឺ បានរៀបចំពិធីប្រណាំងរទេះសាឡីគោលឿនឡើងវិញ បន្ទាប់ពីខកខានអស់រយៈពេលពីរឆ្នាំ (២០២០-២០២១) ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ហើយពិធីនេះ នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី០៣ ខែមេសា ឆ្នាំ២០២២នេះ នៅទីលានប្រណាំងស្ថិតនៅភូមិដែកភ្លើង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មន្ទីរវប្បធម៌បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមគោ ដើម្បីរៀបចំកម្មវិធីនេះឡើង ដោយមានអ្នកចូលរួមប្រមាណ ៣០រទេះ ឬ៣០នឹម។ បើតាមលោក ស៊ុន មានជ័យ ចំនួននេះអាចឡើង ឬអាចខ្វះបន្តិចបន្តួច អាស្រ័យទៅលើស្ថានភាពជាក់ស្តែង។ សម្រាប់រង្វាន់នៅក្នុងពិធីនេះ លោក ស៊ុន មានជ័យ បានអះអាងថា សម្រាប់ឆ្នាំនេះមានរង្វាន់សម្រាប់អ្នកទទួលបានជ័យលាភី តែជារង្វាន់បែបធម្មតាៗ ដូចជារង្វាន់ជាគោ និងរទេះគោ អមដោយថវិកានិងប័ណ្ណជ័យលាភី ហើយការប្រឆាំងនេះនឹងកំណត់យកត្រឹមលេខ១ លេខ២ និងលេខ៣។ ចំណែក លេខ៤ និងលេខ៥ គឺជាជ័យលាភីកិត្តិយស។ ដូច្នេះក្នុងនោះ មានពាន៣ និងជ័យលាភីកិត្តិយសមាន២។ ក្រៅពីនោះ គឺមានរង្វាន់លើកទឹកចិត្ត អមដោយថវិកា តាមលទ្ធភាពរបស់មន្ទីរ។
គួររំលឹកថា កម្មវិធីប្រណាំងរទេះគោនេះ តែងតែធ្វើជារៀងរាល់ឆ្នាំ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ប៉ុន្តែបានផ្អាកខណៈមានការរីករាលដាលនៃជំងឺកូវីដ១៩ ហើយការរៀបចំពិធីនេះដើម្បីរំឮកឡើងវិញនូវវប្បធម៌ប្រពៃណីខ្មែរក្នុងការប្រណាំងរទេះគោ ក៏ដូចជាយល់ដឹងអំពីសារៈសំខាន់របស់វិស័យកសិកម្ម និងការរស់នៅរបស់ប្រជាជនខ្មែរ ព្រមទាំងជំរុញឱ្យមានការលើកទឹកចិត្តស្រលាញ់និងថែរក្សាបរិសា្ថន។ ម្យ៉ាងទៀត ដើម្បីចូលរួមរក្សាប្រពៃណីនិងទំនៀមទម្លាប់ខ្មែរ ដែលធ្លាប់ធ្វើតាំងពីបុរាណ្យរៀងមក និងបង្ហាញពីគុណប្រយោជន៍របស់រទេះគោខ្មែរនិងសត្វគោ ដែលជាសត្វពាហនៈដ៏ចម្បងក្នុងវិស័យកសិកម្ម។
រទេះសាឡី គឺជារទេះម្យ៉ាងដែលមានរាងតូចស្រាលនិងធ្លាប់ទទួលបានការពេញនិយមសម្រាប់ពលរដ្ឋខ្មែរកាលពីបុរាណ ក្នុងការប្រើប្រាស់ជាយាន្តជំនិះ ដោយទឹមជាមួយនឹងសត្វពាហៈនៈ សត្វគោ ឬក្របីដែលពលរដ្ឋខ្មែរមួយភាគធំប្រកបរបរកសិកកម្ម និងធ្វើស្រែចូលចិត្តចិញ្ចឹមនិងប្រើប្រាស់ក្នុងការធ្វើស្រែចម្ការរបស់ខ្លួន។ បើទោះជាការប្រើប្រាស់គ្រឿងចក្រត្រូវបានយកមកជំនួសឱ្យសត្វទាំងនេះក៏ដោយក៏ពលរដ្ឋខ្មែរមួយផ្នែកធំនៅតែពេញនិយមចិញ្ចឹមគោ និងក្របីដើម្បីជាប្រយោជន៍ផ្សេងៗ៕