ពេលរាត្រីគឺជាពេលវេលាដ៏សំខាន់បំផុតសម្រាប់មនុស្សម្នាក់ៗ ពីព្រោះវាជាពេលដែលពួកគេអាចឈប់សម្រាកពីការងារដ៏មមារញឹក និងគេចចេញពីភាពស្មុគស្មាញពីពេលថ្ងៃបាន។ តែទោះជាយ៉ាងណាក៏ដោយ មនុស្សភាគច្រើនមិនបានប្រើវាឲ្យមានប្រយោជន៍ទាំងស្រុងទេ ពីព្រោះពួកគេចូលចិត្តយកវាមកចំណាយសម្រាប់ការគិត ការគិតដែលបង្កឲ្យពួកគេមិនបានគេង ឬសម្រាកបានគ្រប់គ្រាន់នៅពេលយប់ ហើយបង្កឲ្យទៅជាជម្ងឺផ្សេងៗ។ ដូច្នេះតើវាមានកត្តាអ្វីខ្លះដែលបង្កឲ្យមានការគិតច្រើននៅពេលយប់?
1. កត្តាខួរក្បាល៖ ខួរក្បាលគឺជាម៉ាស៊ីនដំណើរការព័ត៌មាន
ក្នុងមួយថ្ងៃ មានព័ត៌មាន បញ្ហា កិច្ចការនិងកាតព្វកិច្ចជាច្រើនដែលអ្នកបានជួប និងត្រូវធ្វើ ហើយខួរក្បាលរបស់យើងជាអ្នកផ្ទុក និងបន្ទាប់មកធ្វើការគិត ដើម្បីរកដំណោះស្រាយ ដូច្នេះដើម្បីឲ្យខួរក្បាលរបស់យើងឈប់គិត និងអាចសម្រាកបានលុះត្រាតែយើងដេកលក់។
2. កត្តាជំងឺ
សុខភាពគឺជារឿងដ៏សំខាន់ទីមួយដែលយើងត្រូវគិតនិងខ្វល់ ពីព្រោះបើយើងមានបញ្ហាសុខភាពកាន់តែធ្ងន់ធ្ងរ នោះការគិតច្រើនរបស់យើងនៅពេលរាត្រីក៏កាន់តែខ្លាំងផងដែរ។ ជំងឺទាំងអស់នោះរួមមាន៖ ជំងឺបាក់ទឹកចិត្ត ការថប់បារម្ភ ភាពគ្មានសណ្តាប់នៃការបរិភោគអាហារ ជំងឺរំុារ៉ៃ និងការប្រើប្រាស់សារធាតុញៀន។
3. កត្តាសង្គម
ក្រៅពីខួរក្បាល និងជំងឺ កត្តាសង្គមគឺជាបញ្ហាមួយទៀតដែលបង្កឲ្យយើងមានបញ្ហាហើយគិតច្រើននៅពេលយប់។ កត្តាទាំងនោះរួមមាន៖ ការស្វែងរកលុយ ការងារ ផ្ទះសម្បែង ទំនាក់ទំនង និងការខិតខំដើម្បីឲ្យបានជោគជ័យ។ សរុបសេចក្តីមក ការគិតច្រើនគឺជាបញ្ហាមួយដែលបំផ្លាញនូវដំណេករបស់យើង ហើយវាបង្កឡើងដោយកត្តាខួរក្បាល សុខភាព និងសង្គម។
បកប្រែដោយ៖ ម៉ៅ គុយដង់