ភ្នំពេញ៖ យ៉ាងហោចណាស់មានទីតាំងបទល្មើសនេសាទ ចំនួន៩៨កន្លែង ស្ថិតក្នុងភូមិសាស្រ្ត ខេត្តកំពង់ឆ្នាំង ត្រូវបានអាជ្ញាធរចុះប្រតិបត្តិការបង្ក្រាប ដោយប្រមូលបាននូវវត្ថុតាងមួយចំនួនធំ។
របាយការណ៍របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទ ត្រូវបានធ្វើឡើងក្នុងភូមិសាស្ត្រស្រុកបរិបូណ៌ កំពង់លែង ជលគីរី កំពង់ត្រឡាច និងក្រុងកំពង់ឆ្នាំង។
របាយការណ៍ដដែលបានឱ្យដឹងដែរថា គិតចាប់តាំងពីថ្ងៃទី២៤ ខែមីនា រហូតមកដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ កម្លាំងចម្រុះបានចេញប្រតិបត្តិការយ៉ាងសស្រោកសស្រាំសម្រេចបានលទ្ធផលរួមមាន៖ បានរុះរើរបាំងសាច់អួន ចំនួន ៩៨កន្លែង ប្រវែង ៦ ៥៣៥ម៉ែត្រ ដកបង្គោល ចំនួន ៣ ៧៤០ដើម រុះរើលបលូសាច់អួន ១២១លូ រុះរើសម្រាស់ ចំនួន ១១៩កន្លែង ទំហំសរុប ១៥ ៥១៥ម៉ែត្រការ៉េ ដកបង្គោល ២ ៧៧០ដើម រុះរើមែកសម្រាស់ប្រមាណជិត ៣ម៉ឺនមែក រុះរើសាច់អួន ចំនួន ៦វង់ រុះរើរបាំងស្បៃមុង ៧កន្លែង ប្រវែង ៣០០ម៉ែត្រ លូស្បៃមុង ៧លូ រុះរើរបាំងឈើចំនួន ៥កន្លែង ប្រវែង ៥០០ម៉ែត្រ ឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តល្មើសចំនួន ៤នាក់ រួមនឹងវត្ថុតាងមួយចំនួន។
សូមបញ្ជាក់ថា នៅក្នុងឱកាសអញើញបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រតិកម្មខ្លាំងៗចំពោះបទល្មើសនេសាទ ដែលបានកើតមាននៅបឹងទន្លេសាប និងបានបញ្ជាឱ្យមន្រ្តីពាក់ព័ន្ឋក្នុងបណ្តាខេត្តជាប់បឹងទន្លេសាប ត្រូវបង្រ្កាបបទល្មើសនេះឱ្យខាងតែបាន៕