ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២បានសម្រេចអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ។នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យទីស្តីការ គណៈរដ្ឋមន្រ្តី។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការ គណៈរដ្ឋមន្រ្តី បានឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដោយយោងតាមការតម្រូវ នៃនិន្នាការសកល នៃពាណិជ្ជកម្មអន្តរជាតិ និងស្របទៅតាមកម្មវិធីការងាររបស់រាជរដ្ឋាភិបាលឆ្នាំ២០១២-២០១៥ ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ដែលកម្ពុជាមានកាតព្វកិច្ចត្រូវរៀបចំប្រព័ន្ធច្បាប់ឱ្យបានរឹងមាំ ដើម្បីឆ្លើយតបទៅនឹងឧត្តមានុវត្តន៍អន្តរជាតិ នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជា ទៅក្នុងតំបន់និងសកល។
លោកបានបន្តថា ក្រសួងពាណិជ្ជកម្ម បានសហការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារនេះឡើង ដើម្បីគ្រប់គ្រងប្រតិបត្តិករអាជីវកម្មម្ហូបអាហារនៅគ្រប់ដំណាក់កាលនៃខ្សែច្រវាក់ផលិតកម្ម និងធានាថា ផលិតផលម្ហូបអាហារទាំងអស់ ដែលចរាចរនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានគុណភាព សុវត្ថិភាព និងអនាម័យល្អ សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប។
សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ មានសារៈសំខាន់ក្នុងការកំណត់គោលការណ៍ជាមូលដ្ឋានដើម្បីជំរុញឱ្យផលិតផលម្ហូបអាហារមានសុវត្ថិភាព និងស្របតាមស្តង់ដាកំណត់សំដៅធានាកម្រិត នៃការការពារអាយុជីវិត និងសុខភាពប្រជាពលរដ្ឋ ធានាប្រសិទ្ធភាពនៃការការពារផលប្រយោជន៍អ្នកប្រើប្រាស់ រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕