ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរឱ្យចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលតាមគោលដៅក្លឹបរាត្រី ខុនដូ និងផ្ទះសំណាក់ ដើម្បីអនុវត្តវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យមានប្រសិទ្ឋភាព។
មានប្រសាសន៍ក្នុងពិធីប្រជុំបូកសរុបលទ្ធផលអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្ដែងការគាំទ្រ និងលើកទឹកចិត្តខ្ពស់ឱ្យអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចបន្តអនុវត្តវិធានការរដ្ឋបាលត្រួតពិនិត្យរកបទល្មើសគ្រឿងញៀន នៅតាមគោលដៅប្រឈមខ្ពស់នានា ដូចជាទីតាំងកម្សាន្តពេលរាត្រី ខុនដូ ផ្ទះសំណាក់ និងការដាក់គោលដៅត្រួតពិនិត្យតាមដងផ្លូវនៅពេលយប់ ដើម្បីធានាបានការបង្ក្រាបប្រកបដោយប្រសិទ្ធភាពតាមគ្រប់មធ្យោបាយ ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់ការណែនាំឱ្យបន្តទប់ស្កាត់ការចរាចរណ៍គ្រឿងញៀនឆ្លងកាត់ព្រំដែន លើកកម្ពស់សមត្ថភាព ក្រមសីលធម៌ និងវិជ្ជាជីវៈមន្រ្តីអនុវត្តច្បាប់ជាមួយនឹងការលើកទឹកចិត្តចំពោះមន្រ្តីមានស្នាដៃ ហើយរាជរដ្ឋាភិបាល នឹងខិតខំប្រឹងប្រែងដើម្បីផ្ដល់ការលើកទឹកចិត្តតាមគ្រប់មធ្យោបាយបន្ថែមទៀត។
របាយការណ៍របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ក្នុងឆ្នាំ២០២១កន្លងទៅ កងកម្លាំងអនុវត្តច្បាប់បង្ក្រាបបានបទល្មើសគ្រឿងញៀនសរុប ៦,៣០៨ករណី ខណៈឆ្នាំ២០២០ បង្ក្រាបបាន១០,៤៦១ករណី ឃាត់ខ្លួនជនសង្ស័យសរុប១៣,៩៧៩នាក់ ខណៈឆ្នាំ២០២០ មានចំនួន២១,៥៦៦នាក់ ។
របាយការណ៍បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានចាប់យកសារធាតុញៀនសរុបជាង៤តោន និង៦៨៩គីឡូក្រាម ខណៈឆ្នាំ២០២០មានជាង៣តោន និង៨៧៥គីឡូក្រាម ។ ដោយឡែកករណីគ្រឿងញៀន ចាប់ពី១គីឡូក្រាមឡើងមាន៧៣ករណី ចាប់មេខ្លោង៣១នាក់ ខ្សែរយៈ១៣៣នាក់ និងសាធាតុញៀនសរុបជាង៤ពាន់គីឡូក្រាម៕