ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជារដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឱ្យពន្លឿនតម្លើងប្រាក់សោធននិវត្តន៍ ដល់មន្ត្រីរាជការ អតីតយុទ្ធជន ដែលទទួលបានប្រាក់បៀវត្សទាប។
មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាស និង ផ្លូវក្រោមដីចោមចៅ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានចេញបញ្ជាឱ្យលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ឋមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ពន្លឿន នៃការលើកកម្រិតអ្នកដែលមានប្រាក់សោធននិវត្តន៍ទាបឱ្យកើនបានខ្ពស់បន្តិច។
សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍លើកឡើងថា អ្នកចូលនិវត្តន៍នាពេលកន្លងទៅហាក់មិនមានសមភាព ខណៈអ្នកចូលនិវត្តន៍ក្រោយ មានប្រាក់សោធននិវត្តន៍ខ្ពស់ជាង។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នេះគឺជាគោលនយោបាយមួយក្នុងចំណោមគោលនយោបាយ នៃការគិតគូសម្រាប់អ្នកដែលមានប្រាក់បៀវត្សទាប៕