ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានកោតសរសើរ និងចាត់ទុកសកម្មភាពប្រមូលពន្ឋ របស់អគ្គនាយកដ្ឋានពន្ធដារថា ជាកំណត់ត្រាប្រវត្តិសាស្រ្ត នៃការប្រមូលចំណូលពន្ធ។
សម្តេច នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ក្នុងសារលិខិតជូនលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកដ្ឋានពន្ធដារ ដោយកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការបំពេញ បេសកកម្មយ៉ាងជោគជ័យដោយបានប្រមូលចំណូលពន្ធដារផ្ទៃក្នុងជូនរដ្ឋបានលើសផែនការដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ចំនួន ១២៤,០២ ភាគរយ នៃផែនការប្រចាំឆ្នាំ។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការសម្រេចបាននូវលទ្ធផលនេះ ជាកំណត់ត្រាប្រវត្តិសាស្ត្រ នៃការប្រមូលចំណូលពន្ធ ដែលអគ្គនាយកដ្ឋានពន្ធដារសម្រេចបានលើសផែនការរហូតដល់ ២៤,០២ ភាគរយ ស្មើនឹង ២ ១៨២,៣៧ ប៊ីលានរៀល ប្រមាណជា ៥៣៨,៨៥ លានដុល្លារ។
សម្តេច នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងដែរថា ចំណូលពន្ធដារផ្ទៃក្នុងដែលអគ្គនាយកដ្ឋានពន្ធដារ បានប្រមូលលើសផែនការពិតជាឆ្លុះបញ្ចាំងពីភាពខ្លាំងក្លា នៃសេដ្ឋកិច្ចជាតិ បើទោះជាស្ថិតក្នុងកាលៈទេសៈដ៏លំបាកដែលកម្ពុជា កំពុងជួបប្រទះនូវវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ក្តី ព្រមទាំងសបញ្ជាក់យ៉ាងច្បាស់ពីភាពរឹងមាំនៃឯករាជ្យភាព និងអធិបតេយ្យភាពជាតិរបស់កម្ពុជា។
ក្នុងឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករសរុបបានចំនួន ១១ ២៦៦.៧៩ ប៊ីលានរៀល ឬប្រមាណជា ២,៧៨១.៩២ លានដុល្លារ ធៀបនឹងផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ដែលតម្រូវឱ្យប្រមូលចំណូលចំនួន ៩ ០៨៤.៤២ ប៊ីលានរៀល ឬប្រមាណជា ២ ២៤៣.០៧ លានដុល្លារ៕