“ខ្ញុំកើតក្នុងគ្រួសារអ្នកលក់ដូរធម្មតាមួយ ដូច្នេះហើយជាហេតុដែលធ្វើឲ្យខ្ញុំមើលទៅមិនដែលស្អាត ហើយមានអនាម័យទេ។ ជាក្មេងដែលចូលចិត្តធ្វើច្រើនជាងនិយាយ។ ខ្ញុំចាប់ផ្ដើមស្គាល់តន្ត្រី ស្រឡាញ់តន្ត្រី និងជាមិត្តនឹងតន្ត្រីតាំងពីខ្ញុំនៅក្មេង”។ នេះគឺជាពាក្យមួយឃ្លាដែលលោកវណ្ណដា បានលើកឡើងនៅក្នុងការធ្វើបទសម្ភាសន៍មួយ។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិភពតន្រ្តីរបស់កម្ពុជា ហាក់ដូចជាចាប់ផ្តើមងើបឡើងវិញជាពិសេស ចង្វាក់ ហ៊ីបហប បែបរ៉េប ដែលមិនសូវមានប្រជាប្រិយភាពប៉ុន្មានទេនៅក្នុងសង្គមកម្ពុជាកាលពីមុន ប៉ុន្តែវាចាប់ផ្តើមផ្ទុះឡើងវិញយ៉ាងគួរឲ្យភ្ញាក់ផ្អើល តាមរយៈបទចម្រៀងនិងទឹកដៃនិពន្ធដ៏មានទេព្យកោសលរបស់តារាខ្មែរសម័យថ្មីជាច្រើនដួង ជាពិសេសជាងគេនោះគឺ លោកវណ្ណដា។ តែទោះជាយ៉ាងណា យើងមិនទាន់ស្គាល់លោកច្បាស់ទេ ថាតើលោកជានរណាពីមុនហើយ មកពីណា និងមានប្រវត្តិបែបណា។ តោះ! សូមទស្សនាវីដេអូនេះទាំងអស់គ្នា!
លោក ម៉ាន់ វណ្ណដា ឬត្រូវបានគេដាក់រហស្សនាមឲ្យថា ស្តេចរ៉េបស្រុកខ្មែរ កើតនៅថ្ងៃទី២២ ខែមករា ឆ្នាំ ១៩៩៧ នៅក្នុងខេត្ត ព្រះសីហនុ។សព្វថ្ងៃលោកជា អ្នកចម្រៀង, អ្នកនិពន្ធបទចំរៀង, អ្នកផលិតបទចំរៀង ហើយនិង អ្នករ៉េប ។ លោកជាក្មេងដែលមិនសូវពូកែនិយាយស្តីទេ តែជាក្មេងដែលពូកែអត់ធ្មត់ តស៊ូ និងព្យាយាមនៅក្នុងការងារ ហើយលោកមានទេពកោសល្យតាំងពីកំណើតផ្នែកខាងសរសេរ តែងនិងនិពន្ធ។ម្យា៉ងវិញទៀត កាលនៅកុមារភាព លោកចូលចិត្ត បទចំរៀង បែបចង្វាក់ រ៉េប និងហ៊ីបហប យ៉ាងខ្លាំង។ដូច្នេះហើយនៅក្នុងកំឡុងពេលសិក្សានៅវិទ្យាល័យ លោកបានចាប់ផ្តើមរៀនបង្កើតចង្វាក់ភ្លេង និងតែងនិពន្ធ ជាពិសេសនៅក្នុងឆ្នាំ ២០០៩ ។តែទោះជាយ៉ាងណា លោកក៏ធ្លាប់ត្រូវបានគ្រូ និងមិត្តរួមថ្នាក់សើចចំអកឲ្យដែរ នៅពេលដែលលោកត្រូវបានគ្រូសួរថា តើធំឡើងចង់ធ្វើអ្វី? ហើយលោកបានឆ្លើយតបថា ចង់ធ្វើជា “តារា” ឬ ជា “តារារ៉េបដ៏ល្បី”។ តែលោកមិនបានខ្វល់ទេ ដោយនៅក្នុងឆ្នាំ ២០១៤ លោកបានសម្រេចចិត្តមករស់នៅក្នុងទីក្រុងភ្នំពេញ ដើម្បីដើរតាមក្តីស្រមៃនិងសម្រេចវាឲ្យបាន។នៅពេលមកដល់ភ្នំពេញមុនដំបូង វណ្ណដា បានស្នាក់នៅក្នុងវត្តហើយគ្មានម៉ូតូជិះទេ។ ហើយពេលទំនេរគាត់តែងតែទៅរៀនធ្វើភ្លេងជារៀងរាល់ថ្ងៃ និយាយជារួមគាត់សឹងតែនៅជាមួយភ្លេងសឹងតែ២៤ ម៉ោង។
ការប្រឡូកចូលសិល្បៈ និងភាពជោគជ័យ
នៅក្នុងឆ្នាំ ២០១៦ លោកវណ្ណដា បានចាប់ផ្តើមការងារនៅក្នុងវិស័យសិល្បៈជាមួយនឹងបទចំរៀងដំបូងរបស់លោក គឺបទ “គេជាអ្នកណា”ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងចំណោមស្រទាប់យុវវ័យនៅពេលនោះ។ ចំណែកឯបទទីពីរគឺបទ “ឈឺទេ!”ដែលបានចេញផ្សាយជាផ្លូវការក្នុង បណ្តាញ យូធូប ផ្ទាល់របស់លោក នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៧ ហើយសព្វថ្ងៃបទនេះមានអាយុប្រាំឆ្នាំហើយនិងមានអ្នកចូលទស្សនាចំនួន១៣លាន views។
ក្នុងឆ្នាំ ២០១៩ គាត់បានចាប់ផ្តើមចុះក្រុងត្រាចូលរួមជាមួយ “ផលិតកម្មបារមី” ហើយបានចេញបទ “J+O” ជាចង្វាក់ហ៊ីបហប ដែលធ្វើឲ្យគាត់ចាប់ផ្តើមមានប្រជាប្រិយភាពក្នុងចំណោមមហាជនយ៉ាងខ្លាំង។ ចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០ លោកបានបង្កើត អាល់ប៊ុមដំបូងរបស់លោក ដែលមានឈ្មោះថា “ស្កាល់ដឹអាល់បុ៊ម” ដែលនិយាយរៀបរាប់អំពីវដ្តនៃជីវិតគឺការកើត ចាស់ ឈឺ និងស្លាប់។
នៅក្នុងឆ្នាំ ២០២០ដដែល លោកបានសម្រេចចិត្តចេញផ្សាយជាផ្លូវការនូវ ស្កាល់ដឹអាល់ប៊ុម ហើយគាត់ថា “មុនដំបូងគាត់មិនចង់ចេញទេ ចាំចប់កូវីដសិន តែបន្ទាប់មកគាត់ថាត្រូវតែចេញ បើមិនចេញគឺហួសពេលហើយ”។ វាគឺជារឿងដ៏គួរឲ្យសរសើរសម្រាប់វណ្ណដា ពីព្រោះគ្រប់បទចំរៀងដែលលោកបានធ្វើគឺពោរពេញទៅដោយមហិច្ឆតា ការខិតខំប្រឹងប្រែង និងព្យាយាម អស់ពីកម្លាំងកាយចិត្ត ដោយរួមបញ្ចូលទាំងការបំផុសគំនិតដល់ស្រទាប់យុវជនជំនាន់ក្រោយឲ្យចេះស្រលាញ់ សិល្បៈ វប្បធម៏ និងស្នេហាជាតិ។ នៅទីបំផុត វណ្ណដា បានបង្កើតប្រវត្តិសាស្ត្រ និងបំបែកឯកទគ្គកម្មជាលើកដំបូងរបស់លោកតាមរយៈបទ “Time To Rise” ដែលបានច្រៀងរួមគ្នាជាមួយ លោកតា គង់ ណៃ ហើយដែលបទនេះត្រូវបានលាយបញ្ចូលគ្នាទាំងចាប៉ីដងវែងខ្មែរ និងចង្វាក់ហ៊ីបហបបែបសម័យ ហើយវាបានចេញផ្សាយជាផ្លូវការនៅថ្ងៃទី ២៨ មីនា ឆ្នាំ២០២១។ តាមរយៈបទ “Time To Rise” នេះកេរ្តិ៍ឈ្មោះរបស់លោកចាប់ផ្តើមល្បីរន្ទឺខ្លាំងហើយធ្វើឲ្យគេស្គាល់លោកកាន់តែច្រើនឡើងៗទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស ហើយមកទល់នឹងថ្ងៃនេះបទនេះមានចំនួនអ្នកចូលមើលជាង៨៧លានViews។ បន្ទាប់មក បទក្រោយៗរបស់លោកក៏ចាប់ផ្តើមផ្ទុះល្បីជាបន្តបន្ទាប់មានដូចជា៖ បទ “ម៉ាម៉ា”, “Move On”, “Catch Me If You Can”, “Born This Way”, “ស្រណោះ”, ហើយនឹងបទទើបនឹងចេញថ្មីៗនេះមាន “Solo Again”, “MONSOON”, និងបទ “Khmer Blood” ជាដើម។ ទាំងអស់គឺសុទ្ធតែជាភាពជោគជ័យតាមរយៈបទចំរៀងដែលលោកខំបង្កើតនិងតាក់តែងនិពន្ធឡើង។
ស្នាដៃនិងតួនាទីនៅក្នុងសិល្បៈ
ក្នុងឆ្នាំ ២០១៩ លោកបានទទួលពាន “អ្នកសិល្បៈដ៏ល្អបំផុតប្រចាំឆ្នាំ ពី Pleng Music by Smart” និង “ចំរៀងដ៏ល្អបំផុតប្រចាំឆ្នំា ‘HOT BOY’ ពី Pleng Music by Smart”។ នៅក្នុងឆ្នាំ ២០២០ លោកវណ្ណដា ទទួលបានពាន “តារាសិល្បៈប្រុសដ៏ល្អបំផុតប្រចាំឆ្នាំ 2020” និង “ការសំដែងតន្រ្តីដ៏ល្អបំផុតប្រចាំឆ្នាំ” ក្នុងកម្មវិធី “Cambodian Music Awards”។ ក្នុងឆ្នាំ២០២១ លោកបានទទួល “វិញ្ញាបនប័ត្រឧត្តមភាពដោយអង្គការ UNDP 2021”។ សព្វថ្ងៃ លោកជា “BrandAmbassador” របស់ Cellcard។ មិនតែប៉ុណ្ណោះ លោកក៏បានលះបង់ចំណាយពេលវេលានិងថវិកាដើម្បីធ្វើការងារសង្គមផងដែរ ដូចជាការផ្តួចផ្តើមបង្កើត “អង្គការសប្បុរសធម៏ SKULL” ជាដើម។
ស្រាវជ្រាវ និងរៀបរាងដោយ៖ ម៉ៅ គុយដង់