ភ្នំពេញ៖ កម្ពុជានឹងទទួលឥទ្ធិពលចំនួន២ ដែលកើតឡើងនៅសមុទ្រចិនខាងត្បូង នាសប្តាហ៍ខាងមុខ ដែលបណ្តាលឱ្យបរិមាណភ្លៀងនឹងចុះខ្សោយ តែសីតុណ្ហភាពអប្បបរមាចុះត្រជាក់បន្តិច ហើយនឹងមានខ្យល់កន្រ្តាក់កើតឡើង។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឥទ្ធិពលសម្ពាធទាបសកម្មនឹងកើតឡើងនៅសមុទ្រចិនខាងត្បូង ក្បែរភាគខាងត្បូង ប្រទេសវៀតណាម និងនៅថ្ងៃទី២-៥ ខែមេសា ឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតបង្គួរ ។
ក្រសួងឱ្យដឹងបន្តថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា ពី ២៣-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា ពី ៣១-៣៤អង្សាសេ ហើយនៅថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី២ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ តែចាប់ពីថ្ងៃទី៣-៥ ខែមេសា បរិមាណភ្លៀងនឹងចុះខ្សោយ ទន្ទឹមនោះសីតុណ្ហភាពអប្បបរមាក៏ចុះត្រជាក់បន្តិចបន្ថែមទៀត ។
ក្រសួងឱ្យដឹងបន្តទៀតថា បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៤អង្សាសេ ហើយនៅថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី២ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ តែចាប់នៅថ្ងៃទី៣-៥ ខែមេសា បរិមាណភ្លៀងនឹងចុះខ្សោយ ទន្ទឹមនោះសីតុណ្ហភាពអប្បបរមាក៏ចុះត្រជាក់បន្តិចបន្ថែមទៀតដែរ។
ដោយឡែកនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២២-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សាសេ ហើយនៅថ្ងៃទី៣០មីនា ដល់ថ្ងៃទី២ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។តែចាប់នៅថ្ងៃទី៣-៥ ខែមេសា បរិមាណភ្លៀងនឹងចុះខ្សោយ៕