ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា គ្រោងអញ្ជើញទៅត្រួតពិនិត្យការសាងសង់ព្រលានយន្តហោះថ្មី នៅខេត្តសៀមរាប ខណៈព្រលានខ្នាតអន្តរជាតិនេះ ត្រូវបានរំពឹងថា អាចចុះចតយន្តហោះប្រភេទធំបាន។
មានប្រសាសន៍ក្នុងពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការអគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២២នេះ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា សម្តេចនឹងទៅពិនិត្យមើលព្រលានយន្តហោះថ្មី ព្រមទាំងផ្លូវ៣៨ខ្សែ នៅខេត្តសៀមរាប។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដែរថា ព្រលានយន្តហោះថ្មីនេះ អាចចុះចតយន្តហោះខ្នាតធំបានផងដែរ។
សូមបញ្ជាក់ថា អាកាសយានដ្ឋានថ្មី ក្នុងខេត្តសៀមរាបនេះ ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម និងមានចម្ងាយប្រមាណ៥១គីឡូ ពីក្រុងសៀមរាប ដែលធានាបាននូវការហោះហើរ និងចុះចត មិនមានផលអវិជ្ជមាន នៃប្រតិបត្តិការរបស់អាកាសយានដ្ឋាន ចំពោះប្រាសាទ និងសំណង់ស្ថាបត្យកម្មជុំវិញនោះឡើយ។
ការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ គ្រោងនឹងបញ្ចប់ ដោយឆ្លងកាត់ការត្រួតពិនិត្យរបស់ក្រុមបច្ចេកទេស និងអង្គភាពជំនាញ ឈានទៅបំពេញលក្ខខណ្ឌប្រតិបត្តិការរបស់អាកាសយានដ្ឋាន នាពាក់កណ្តាលខែមីនា ឆ្នាំ២០២៣។
អាកាសយានដ្ឋានថ្មីនេះ ស្ថិតក្នុងលំដាប់4E មានផ្លូវរត់ប្រវែង៣,៦០០ម៉ែត្រ ទទឹង ៤៥ម៉ែត្រ មាន៣៨ចំណតយន្តហោះ និងមានក្រឡាផ្ទៃស្ថានីយ អ្នកដំណើរជាង ៨ម៉ឺនម៉ែត្រក្រឡា ដែលអាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណជា ៧លាននាក់៕