ភ្នំពេញ៖ មន្ទីរប្រឆាំងគ្រឿងញៀនបានបង្រ្កាប និងឃាត់ខ្លួនក្រុមឧក្រិដ្ឋជនចំនួន៣នាក់ ដែលប៉ុនប៉ងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនជិត ៦០០គីឡូក្រាម តាមផ្លូវសមុទ្រចេញទៅប្រទេសទី៣។
របាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះថា កាលពីថ្ងៃទី២១ ខែមិនា ឆ្នាំ២០២២ វេលាម៉ោង ២០:៥០នាទី សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានស្រាវជ្រាវនិងឈានទៅបង្ក្រាបក្រុមឧក្រិដ្ឋជនដឹកជញ្ជូនសារធាតុញៀនឆ្លងដែន បម្រុងនាំចេញតាមផ្លូវសមុទ្រទៅប្រទេសទី៣ នៅ៤ចំណុចផ្សេងគ្នាជាបន្តបន្ទាប់ ទី១៖ នៅចំណុចបន្ទប់ជួលលេខ 69Z សង្កាត់ទួលទំពូង១ ខណ្ឌចំការមន, ទី២៖ នៅចំណុចកាំកូស៊ីធី អាគាA106 បន្ទប់ 305 ភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ, ទី៣៖ ខុនដូរ អិល បឹងទំពុន បន្ទប់D3-18 របស់ឈ្មោះ ZHAING TONG SIAN ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌចំការមន និងទី៤៖ នៅចំណុច(ល្វែងទី៤ និងទី៥) ស្ថិតក្នុងភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។
សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ រួមមានទី១-ឈ្មោះ ZHANG TONG SIAN ភេទប្រុស ជនជាតិចិន(តៃវ៉ាន់)ឆ្នាំកំណើតៈ ១៩៦៧ ទី២-ឈ្មោះ JIANG MING DA ហៅ ZHOUG JI QI ភេទប្រុស ជនជាតិចិន(តៃវ៉ាន់)កើត ១៩៧៣ និងទី៣-ឈ្មោះ WANG LU LI ភេទប្រុស ជនជាតិចិន(តៃវ៉ាន់)កើត ១៩៨១ ។
នៅក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន៖១/កេតាមីន(Ketamine) ទម្ងន់ ៥១០គីឡូ និង២៥៦ក្រាម ទី២/មេតំហ្វតាមីន(ICE) ទម្ងន់ ១គីឡូ និង៩៥៨ក្រាម ទី៣/អ៊ិចស្តាស៊ី(MDMA) ទម្ងន់ ៥១គីឡូ និង៦៥៩.៦០ក្រាម ទី៤/នីមេតាហ្សេប៉ាម(Nimetazepam) ទម្ងន់ ២០គីឡូ និង៧៩០ក្រាម ទី៥/ FUB-AMB(Cannabinoid)(NPS) ទម្ងន់ ១១គីឡូ និង ៧៥៤ក្រាម។ សារធាតុញៀនសរុបទម្ងន់ ៥៩៦គីឡូ និង ៤១៧,៦០ក្រាម និងសារធាតុគីមីផ្សំទម្ងន់ ២៣៥ក្រាម ព្រមទាំងសារធាតុមិនច្បាស់ទម្ងន់ ៦គីឡូ និង៦៨៨ក្រាម។
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ៖លាង ឡា