ភ្នំពេញ៖ បុរសជាមន្ត្រីយោធាម្នាក់ ដែលបានបាញ់ជនសង្ស័យជាចោរម្នាក់ស្លាប់ ក្នុងករណីប្លន់ម៉ូតូរបស់ខ្លួនមិនបានសម្រេច កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ត្រូវបានសមត្ថកិច្ចដោះលែង ក្រោមការធានាពីអង្គភាព។
នគរបាលខណ្ឌដង្កោ បានឱ្យដឹងថា បុរសជាមន្ត្រីយោធាដែលថ្នាក់លើសម្រេចដោះលែង មានឈ្មោះ ឡាំ ប៊ុនលាង អាយុ៤៨ឆ្នាំ។ សមត្ថកិច្ចបន្តថា ព្រះរាជអាជ្ញាបានអនុញ្ញាតឱ្យអង្គភាព ធានាយកទៅអង្គភាពវិញ បន្ទាប់ពីឃាត់ខ្លួនបានមួយថ្ងៃ ប៉ុន្តែទុកតែអាវុធដែលជាវត្ថុតាង ដើម្បីបញ្ជូនទៅតុលាការ។
សូមបញ្ជាក់ថា កាលពីព្រឹកព្រលឹមថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ មានការភ្ញាក់ផ្អើលមួយបានកើតឡើង នៅចំណុចខាងលិចច្រមុះជ្រូកវត្តហារ ស្ថិតក្នុងភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ ដោយសារមានការផ្ទុះអាវុធខ្លីជាច្រើនគ្រាប់បណ្តាលឱ្យជនសង្ស័យម្នាក់បានស្លាប់។
ករណីនេះ ត្រូវបានបុរសជាម្ចាស់អាវុធ អះអាងប្រាប់សមត្ថកិច្ចថា ពេលកំពុងធ្វើដំណើរមកដល់កន្លែងកើតហេតុ ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នាចំនួន ៦នាក់ ជិះម៉ូតូ ចំនួន៣គ្រឿង ស្របជាមួយម៉ូតូខ្លួន ហើយបានធាក់ម៉ូតូបណ្តាលឲ្យដួលរួចធ្វើសកម្មភាពវាយប្លន់យកម៉ូតូ តែត្រូវបានខ្លួនដកអាវុធពីចង្កេះបាញ់ការពារបណ្តាលឱ្យស្លាប់ជនសង្ស័យតែម្តង ខណៈបក្ខពួករបស់គេជាច្រើននាក់ទៀត បានបើកម៉ូតូគេចខ្លួនអស់។
សូមបញ្ជាក់ថា ជនសង្ស័យដែលស្លាប់មានឈ្មោះ ថា ប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៦៤ E3Z ផ្លូវ៣២១៧ ភូមិ៥ សង្កាត់អូរឫស្សី២ ខណ្ឌ៧មករា។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវស្វែងរកបក្ខពួកជនសង្ស័យដែលកំពុងរត់គេចខ្លួនដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕
អត្ថបទ៖លាង ឡា