ភ្នំពេញ៖ ក្រុមឧក្រិដ្ឋជនគ្រឿងញៀន ចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបនិងរឹបអូសបានគ្រឿងញៀនជាង ១០០គីឡូក្រាម នៅរាជធានីភ្នំពេញ។
របាយការណ៍របស់សមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ប្រតិបត្តិការស៊ើបអង្គេតនិងឈានដល់ការបង្រ្កាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង ២០:១៥នាទីយប់ នាថ្ងៃទី២២ ខែមិនា ឆ្នាំ២០២២ នៅ៣ចំណុចផ្សេងគ្នាជាបន្តបន្ទាប់ ដោយទី១៖ នៅចំណុច បណ្តោយផ្លូវជាតិលេខ៤ បង្គោលគីឡូម៉ែតលេខ២៣ ទល់មុខរោងចក្រ CPF ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ទី២៖ នៅចំណុច ផ្ទះលេខ២០ ផ្លវលេខ១១ បុរីពិភពថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី៣ នៅចំណុចផ្ទះគ្មានលេខ (ជាប់ផ្ទះលេខ១A២) ផ្លូវលំលេខ៥៩៨ ស្ថិតក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ រួមមានទី១-ឈ្មោះ LI YANG ភេទប្រុស ជនជាតិចិន (តៃវ៉ាន់) កើត១៩៨៨ លិខិតឆ្លងដែន(គ្មាន) ទី២-ឈ្មោះ JEN HAO JUN ភេទប្រុស ជនជាតិចិន (តៃវ៉ាន់) កើត១៩៨៤ ឆ្លងដែន 360271474 និងទី៣-ឈ្មោះ CHEN POYEN ភេទប្រុស ជនជាតិចិន (តៃវ៉ាន់) កើត១៩៩៣ ឆ្លងដែន 307520541។
របាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យដឹងដែរថា សមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន៖១,កេតាមីន(Ketamine) ទម្ងន់ ៩៩គីឡូ ៦០២,០៣ក្រាម ទី២/អ៊ិចស្តាស៊ី(MDMA) ទម្ងន់៧គីឡូ ៣៧៩ក្រាម ទី៣/មេតំហ្វេតាមីន(WY) ទម្ងន់១៩០ក្រាម និងទី៤/នីមេតាហ្សេប៉ាម(Nimetazepam) ទម្ងន់ ៧,២ក្រាម ព្រមទាំងសារធាតុញៀនសរុប ទម្ងន់ ១០៧គីឡូ និង ១៧៨,២៣ក្រាម។
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ៖លាង ឡា