ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាបញ្ចេញសាច់ប្រាក់បើកជូនមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងនិវត្តន៍ជន សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវជាតិលេខ ៥១ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះថា កាលពីប៉ុន្មានថ្ងៃមុននេះ សម្តេចបានចុះហត្ថលេខាបញ្ចេញសាច់ប្រាក់សម្រាប់ការផ្តល់ឱ្យមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងនិវត្តន៍ជន សម្រាប់ត្រៀមចូលឆ្នាំថ្មីប្រពៃណីជាតិ។
យ៉ាងណាក៏ដោយ សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា ពុំបានបញ្ជាក់ពីទំហំសាច់ប្រាក់ដែលត្រូវបានចុះហត្ថលេខាឡើយ ប៉ុន្តែសម្តេចបានលើកឡើងថា នៅក្នុងបទបញ្ជានាពេលកន្លងទៅតែងតែឱ្យបើកប្រាក់ដល់មន្រ្តីរាជការ នៅមុនពិធីបុណ្យចូលឆ្នាំ ហើយរយៈពេល២សប្តាហ៍ក្រោយ ទើបបើកប្រាក់ម្តងទៀត។
នៅក្នុងពិធីដដែលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានរម្លឹកដល់ពលរដ្ឋឱ្យគោរពច្បាប់ចរាចរណ៍ នឹងមិនត្រូវបើកបរ ពេលទទួលទានគ្រឿងស្រវឹងនោះទេ។
សូមរម្លឹកដែរថា កាលពីឆ្នាំ២០២១កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភដល់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងនិវត្តន៍ជន ក្នុងម្នាក់ចំនួន៥០ ០០០រៀល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ។ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខ្មែរ ឆ្នាំនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា៕
អត្ថបទ៖លាង ឡា