BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រី​ទេសចរណ៍ ​ស្នើឲ្យគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ បន្តគាំទ្រវិស័យទេសច​រណ៍​នៅកម្ពុជា​

ថ្ងៃព្រហស្បតិ៍, 24 ខែមីនា 2022 17:58  មានជ័យ

ICC-Angkor-begins-its-35th-Technical-Session-4 (1)

ការស្នើឲ្យ​អាយស៊ីស៊ី-អង្គរ​ បន្តគាំទ្រវិស័យទេសច​រណ៍​កម្ពុជា​នេះ ត្រូវបាន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍លោកបណ្ឌិត ថោង ខុន ធ្វើឡើងនៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៥ នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ អភិរក្ស និងអភិវឌ្ឍន៍រមណីដ្ឋានប្រវត្តិអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ ​ដែលបាន​ចាប់ផ្តើមជាផ្លូវការ​នៅព្រឹកថ្ងៃទី២៤ ខែមីនានេះ​ នាសណ្ឋា​គារ សូហ្វីតែល អង្គរភូគីត្រា ខេត្តសៀមរាប។​

ថ្លែងនៅក្នុងកិច្ចប្រជុំនោះ លោក Sardar Umar ALAM តំណាងអង្គការយូណេស្គូប្រចាំកម្ពុជា បាន​អរគុណចំពោះការខិតខំប្រឹងប្រែងទាំងអស់របស់អាជ្ញាធរជាតិអប្សរា ដែលធ្វើឱ្យសមិទ្ធផលការងារជាច្រើនកកើតឡើង ពិសេសក្នុងកាលៈទេសៈដ៏លំបាកនៃវិបត្តិជំងឺកូវីដ១៩ ទោះការងារខ្លះមានការកកស្ទះក្ដី តែក៏មានការងារខ្លះបន្តធ្វើដោយរលូនផងដែរ។ លោកបញ្ជាក់ផងដែរថា ទោះបីមានការ​ប្រឈមខ្លាំង​មក​លើ​កិច្ច​ការ​ជួសជុល អភិរក្សនៅតាមរមណីយដ្ឋានបេតិ​ក​ភណ្ឌពិភពលោកជាច្រើន តែនៅរមណីយដ្ឋានអង្គរកិច្ចការទាំងនេះនៅតែបន្តទៅមុខ។​​

ចំណែកលោក Christophe GIGAUDAUT ទីប្រឹក្សាកិច្ចសហប្រតិបត្តិការ និងកិច្ចការវប្បធម៌ ស្ថានទូតបារាំងប្រចាំកម្ពុជា និងជាសហប្រធានអង្គប្រជុំ ​បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយចំពោះការរៀបចំកិច្ចប្រជុំដោយផ្ទាល់នៅពេលនេះ ក្រោយខកខាននារយៈពេល២ឆ្នាំដោយសារបញ្ហាកូវីដ១៩ តែបើទោះបីជាបញ្ហាកូវីដ១៩ កើតឡើងជាសាកលយ៉ាងណាក្ដី ក៏ស្មារតីនៃការខិតខំប្រឹងប្រែងលើការងារអភិរក្សប្រាសាទមិនបានស្រាកស្រាន្តទេ ផ្ទុយទៅវិញការងារអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរបានសម្រេចលទ្ធផលជាច្រើននិងប្រកបដោយមោទនភាព។

លោកសាស្រ្ដាចារ្យ Azedine BESCHAOUCH លេខាធិការវិទ្យាសាស្រ្ដអាយស៊ីស៊ី-អង្គរ មានប្រសាសន៍ថា នេះជាឆ្នាំថ្មីនៃការចាប់ផ្តើមការងារតាមការដ្ឋានឡើងវិញរបស់ក្រុមអ្នកជំនាញការអាដហុក ក្រោយខកខាន២ឆ្នាំមកនេះ។ លោក​ថា សកម្មភាពនេះ គឺបង្ហាញពីការតភ្ជាប់ឡើង​វិញនូវប្រពៃណីការងារដែលអ្នកជំនាញការធ្លាប់បានធ្វើ ដែលចុះត្រួតពិនិត្យការងារតាមការដ្ឋាននានា មុនកិច្ចប្រជុំផ្លូវការចូលមកដល់។

ICC-Angkor-begins-its-35th-Technical-S34567543

ICC-Angkor-begins-its-35th-Technical-Session-10

សូមបញ្ជាក់ថា គណៈកម្មាធិការអន្តរជាតិ អាយស៊ីស៊ី-អង្គរ រៀបចំកិច្ចប្រជុំចំនួន២ ដែលទី១នៅថ្ងៃទី២៤ ខែមីនា ជាកិច្ចប្រជុំបច្ចេកទេសលើកទី៣៥ និងនៅថ្ងៃទី២៥ កិច្ចប្រជុំពេញអង្គលើកទី២៨​​ ដែលកិច្ចប្រជុំនេះរៀបចំឡើង​ ដើម្បីបង្កើតអនុសាសន៍ក្នុងការថែរក្សាប្រាសាទបន្ថែម​ទៀតសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។​​

លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍​បាន​មានប្រសាសន៍ថា ក្នុងរយៈពេល៥ឆ្នាំទៅមុខទៀត ដើម្បីចូលរួមលើ​ដំណើរការស្តារវិស័យទេសចរណ៍កម្ពុជាឡើងវិញឱ្យបានចំនួនដូចកាលពីមុនពេលវិបត្តិជំងឺកូវីដ-១៩ ក្រសួងទេសចរណ៍ នឹងបន្តរួមគ្នាជាមួយ​ក្រសួង​ស្ថាប័ន ពាក់ព័ន្ធនានា ដើម្បីជំរុញការស្តារនៃវិស័យទេសចរណ៍ខេត្តសៀមរាប ឱ្យបានកំណើនខ្ពស់ឡើងវិញ។ លោកថា ខេត្តសៀមរាបជាគោលដៅទេសចរណ៍​ប្រកបដោយគុណភាព សុវត្ថិភាព និងបរិយាប័ន្ន ដែលត្រូវបន្តខិតខំអភិវឌ្ឍ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗឱ្យបានកាន់តែច្រើនថែមទៀត នៅតាមតំបន់អាទិភាពទាំង៦ ដែលបានកំណត់ក្នុងផែនការមេរួចហើយ​។

បន្ថែមពីនោះលោក ថោង ខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ “ICC-ANGKOR” រួមជាមួយអ្នកជំនាញការអន្តរជាតិផ្សេងទៀត ដែលជានិច្ចកាលបានគាំទ្រ និងចូលរួមសហការយ៉ាងសកម្មលើការងារអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា។ លោក​ក៏បានសំណូមពរឱ្យ ICC-ANGKOR បន្តចូលរួមគាំទ្រជាមួយនឹងដំណើរការនៃការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ក៏ដូចជាខេត្តសៀមរាបទាំងក្នុង និងក្រោយពេលវិបត្តិកូវីដ-១៩ ដើម្បីឆ្ពោះទៅរកគោលដៅទេសចរណ៍ដែលមានភាពទាក់ទាញ ព្រមទាំងធន់នឹងវិបត្តិកាន់តែប្រសើរជាមួយនឹងភាពប្រ​កួតប្រជែងខ្ពស់​​៕ (មានជ័យ)

ICC-Angkor-begins-its-35th-Technical-Session-5

 


ថ្ងៃព្រហស្បតិ៍, 24 ខែមីនា 2022 17:58  មានជ័យ