ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានចាប់ផ្តើមចុះពិនិត្យ និងកម្ទេចចោលនូវឧបករណ៍បទល្មើសនេសាទ លើផ្ទៃបឹងទន្លេសាប ក្រោយពេលមានប្រតិកម្ម និងបទបញ្ជាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
ប្រភពពីសមត្ថកិច្ច ខេត្តកំពង់ឆ្នាំង ដែលចុះប្រតិបត្តិការបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ សមត្ថកិច្ចបានចុះបង្រ្កាបបទល្មើសនេសាទ នៅបឹងទន្លេសាប ដែលស្ថិតក្នុងដែនដីរបស់ខ្លួន ហើយបានរកឃើញឧបករណ៍ល្មើសជាច្រើន និងបានកម្ទេចចោលភ្លាមៗនៅនឹងកន្លែងតែម្តង។
សូមបញ្ជាក់ថា នៅក្នុងឱកាសអញើញបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ កាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រតិកម្មខ្លាំងៗចំពោះបទល្មើសនេសាទ ដែលបានកើតមាននៅបឹងទន្លេសាប។
សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាឱ្យមន្រ្តីពាក់ព័ន្ឋទាំងអស់ ពិសេសអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវបង្រ្កាបឱ្យខាងតែបាន ហើយបើបង្រ្កាបបទល្មើសមិនបាន គួរឈប់កាន់តំណែងតទៅទៀត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ដែរថា ការចេញបទបញ្ជានេះ គឺដើម្បីស្រោចស្រង់ធនធានត្រី ដែលកំពុងរងគ្រោះនៅបឹងទន្លេសាប៕