ភ្នំពេញ៖ ចោរប្លន់ម្នាក់បានស្លាប់ ដោយសារការបាញ់ប្រហារពីជនរងគ្រោះ ក្រោយពេលធ្វើសកម្មភាពប្លន់ម៉ូតូមិនបានសម្រេច នាព្រឹកព្រលឹមថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្បែរវត្តឫស្សីសាញ់ សង្កាត់ព្រៃស ខណ្ឌដង្កោរ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោង៦ព្រឹកព្រលឹម ថ្ងៃកើតហេតុ មានបុរសម្នាក់ដែលជាជនរងគ្រោះ បានធ្វើដំណើរនៅលើដងផ្លូវតែម្នាក់ឯង ដោយជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២២ នៅលើផ្លូវ៣០ម៉ែត្រ។ លុះធ្វើដំណើរហួសវត្តឫស្សីសាញ់ បានបន្តិច ក៏លេចមុខជនសង្ស័យ ៤នាក់ ជិះម៉ូតូ២គ្រឿង និងប្រដាប់ដោយអាវុធខ្លីមួយដើមជិះមកក្បែរហើយធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូ។
ប្រភពបន្តថា នៅពេលដែលជនជនសង្ស័យលើកម៉ូតូរបស់ជនរងគ្រោះ បម្រុងជិះគេចខ្លួនក៏ត្រូវជនរងគ្រោះដកអាវុធខ្លីបាញ់ទៅលើជនសង្ស័យដែលជិះម៉ូតូរបស់ខ្លួនជាច្រើនគ្រាប់បណ្ដាលឱ្យដេកស្លាប់លើម៉ូតូ នៅនឹងកន្លែងកើតហេតុតែម្តង។
ប្រភពបានឱ្យដឹងទៀតថា ជនសង្ស័យ ចំនួន ៣នាក់ទៀត ដែលបក្ខពួកក្រោយឃើញគ្នីគ្នាដេកដួលនៅកន្លែងកើតហេតុរួចមក ក៏បានរត់គេចខ្លួនបាត់ស្រមោល ប៉ុន្តែបុរសជាម្ចាស់ម៉ូតូដែលជាអ្នកបាញ់ទៅលើក្រុមចោរប្លន់ ពុំបានរត់គេចខ្លួនឡើយ ហើយត្រូវសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួននៅកន្លែងកើតហេតុ ដើម្បីធ្វើការសាកសួរបន្ត៕