ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញខ្លួនជនសង្ស័យចំនួន៣នាក់ ដែលជាមុខសញ្ញាយ៉ាងសកម្មក្នុងការធ្វើសកម្មភាពលួចម៉ូតូក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ត្រេន ធឿន អាយុ៣៤ឆ្នាំ មានលំនៅផ្ទះជួលលេខ៧E ផ្លូវលេខ៤២២ ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ ទី២-ឈ្មោះ ធី ហេង អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួលជាមួយគ្នា និង៣- ឈ្មោះ ស្លេះ បញ្ញា អាយុ៣៤ឆ្នាំ មានលំនៅផ្ទះជួលតាមផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យបានសារភាពថា ពួកគេបានធ្វើសកម្មភាពលួចចំនួន២០ករណី និងយកបានម៉ូតូចំនួន៤៤គ្រឿង និងរថយន្ត ចំនួន២គ្រឿង ក្នុងនោះធ្វើសកម្មភាពក្នុងរាជធានីភ្នំពេញ ចំនួន៥ករណី យកម៉ូតូបាន២៥គ្រឿង, ខេត្តកំពត ចំនួន៥ករណី យកបានម៉ូតូ ចំនួន៦គ្រឿង និងរថយន្ត ចំនួន២គ្រឿង, ខេត្តកំពង់ស្ពឺ បានចំនួន៦ករណី យកម៉ូតូបានចំនួន៧គ្រឿង និងខេត្តតាកែវ បានចំនួន៤ករណី យកបានម៉ូតូចំនួន៦គ្រឿង។
សមត្ថកិច្ច នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងនគរបាល ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីវេលាម៉ោង២ និង១០នាទីរសៀល ថ្ងៃទី២០ ខែមិនា ឆ្នាំ២០២២ នៅចំណុចផ្ទះជួលលេខ ៧អឺ ផ្លូវលេខ៤២២ ភូមិ ចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឱ្យបន្ថែមថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានម៉ូតូចំនួន ១៤គ្រឿងនិងរថយន្តពាក់ស្លាកលេខ ភ្នំពេញ២T.៨០០៣ មួយគ្រឿង ព្រមទាំងវត្ថុតាងជាច្រើនទៀតផងដែរ។
សូមបញ្ជាក់ថា នាព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ សមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ និងកំពុងស្រាវជ្រាវរកបក្ខពួកដែលកំពុងគេចខ្លួន ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕
អត្ថបទ៖លាង ឡា