ភ្នំពេញ៖ ទំហំពាណិជ្ជកម្មនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសកូរ៉េ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២២ បានកើនឡើងរហូតដល់៣៣ភាគរយ ហើយរាជរដ្ឋាភិបាលកម្ពុជា បានជំរុញដល់ភាគីកូរ៉េ ឱ្យបង្កើននីតិវិធីផ្ទៃក្នុងរបស់ខ្លួនដើម្បីចាប់ផ្តើមពាណិជ្ជកម្មសេរី។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ២១ នាព្រឹកថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២នេះ ដោយបង្ហាញនូវមោទកភាព ក្នុងឋានៈជាស្ថាបនិក នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលក្លាយជាទំនាក់ទំនងការទូតជឿនលឿន។
ជាមួយគ្នានេះ សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញដល់ភាគីរដ្ឋាភិបាលកូរ៉េ ឱ្យបំពេញនីតិវិធីផ្ទៃក្នុងរបស់ខ្លួនឱ្យបានឆាប់ដើម្បីចាប់ផ្តើមជំរុញពាណិជ្ជកម្មកម្ពុជា កូរ៉េ ស្របគ្នាជាមួយការចូលជាធរមាន នៃកិច្ចព្រមព្រាង អាសិប ខណៈការនាំចេញពាណិជ្ជកម្មរបស់កម្ពុជា ទៅកាន់ប្រទេសកូរ៉េ ក្នុងរយៈពេល២ខែ ដើមឆ្នាំនេះ បានកើនឡើង៣៣ភាគរយ។
សូមរម្លឹកថា ទំនាក់ទំនងការទូតរវាងកម្ពុជា និងកូរ៉េ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៧។ នៅក្នុងឆ្នាំ២០២១កន្លងទៅ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ សម្រេចបានទំហំទឹកប្រាក់ជាង ៣០២ លានដុល្លារ ដែលកើនឡើង ២,៦៦ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០៕