កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ មានភ្ញៀវទេសចរយ៉ាងច្រើនកុះករ បានទៅទស្សនាហេតុការណ៏ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត ដែលនោះគឺជាបាតុភូតធម្មជាតិនៃប្រព័ន្ធព្រះអាទិត្យ ដែលគេហៅថា “សមរាត្រី” ន័យសាមញ្ញ គឺរយៈពេលថ្ងៃ និងយប់ស្មើគ្នា ត្រូវនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត។
ទាក់ទងហេតុកាណ៏នេះ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានថ្លែងថា នៅក្នុងហេតុការណ៏ដ៏អស្ចារ្យនេះ មានភ្ញៀវទេសចរប្រមាណជាង ៦,០០០ នាក់ បានទៅទស្សនា។ លោកថា ហេតុការណ៍នេះ គឺជាហេតុការណ៍មួយគួរឲ្យទាក់ទាញយ៉ាងខ្លាំង ទើបធ្វើឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទៅទស្សនាច្រើនបែបនេះ។
បើតាមអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២១ ខែមីនា ម្សិលមិញ ព្រះអាទិត្យមិនទាន់រះមកចំកំពូលកណ្ដាលប្រាសាទអង្គរវត្តនោះទេ ហើយអាកាសធាតុមិនអំណោយ ផលដែរ តែទោះជាយ៉ាងណាទិដ្ឋភាពដ៏អស្ចារ្យនេះ បានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្ដរជាតិជាច្រើនមករងចាំទស្សនា និងផ្តិតយករូបភាពដ៏កម្រមួយនេះ។
គួររំលឹកថា បាតុភូតធម្មជាតិនៃប្រព័ន្ធព្រះអាទិត្យ ដែលគេហៅថា “សមរាត្រី” ន័យសាមញ្ញ គឺរយៈពេលថ្ងៃ និងយប់ស្មើគ្នា ត្រូវនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត នេះបើតាមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា។
បុរាណវិទូ និងជាប្រធាននាយកដ្ឋានអភិរក្ស ប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២២នេះ គឺថ្ងៃរះនៅចំកំពូលកណ្ដាលប្រាសាទអង្គរវត្តនៃសមរាត្រីខែមីនានេះ នឹងត្រូវចំថ្ងៃទី២១ ខែមីនា នៅវេលាប្រហែលជាចាប់ពីម៉ោង៦ និង៣០ នាទីព្រឹក ដែលជាព្រឹត្តិការណ៍យ៉ាងពិសេសមួយ។ អ្នកបុរាណវិទូដដែលបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្តសម្រាប់ឆ្នាំ២០២២ នេះ អាចកើតមាន២ដងក្នុង១ឆ្នាំ គឺនៅថ្ងៃទី២១ ខែមីនាម្ដង ហើយអាចកើតមាននៅថ្ងៃទី២២ ខែកញ្ញា ម្ដងទៀត។
អ្នកជំនាញពន្យល់ថា សមរាត្រី គឺជាពេលវេលាដែលរវាងពេលថ្ងៃ និងពេលយប់ឱ្យមានរយៈពេលស្មើគ្នា ដោយខុសពីខែធម្មតាខ្លះ រយៈពេលយប់វែងជាងពេលថ្ងៃ ឬក៏រយៈពេលថ្ងៃវែងជាងយប់នោះ គឺជាព្រឹត្តិការណ៍ទូទៅរបស់ផែនដី ដែលតែងតែកើតមាននៅក្នុងពិភពលោក។ ក៏ប៉ុន្តែសម្រាប់ប្រាសាទអង្គរវត្ត ដែលមានព្រឹត្តិការណ៍សមរាត្រីកើតឡើងនេះ មិនមែនជារឿងចៃដន្យទេ វាគឺជាលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ដែលរៀបចំស្ថាបត្យកម្ម ប្លង់របស់ប្រាសាទទុកមុនជាស្រេច ដោយបំណងតម្រូវតាមបាតុភូតធម្មជាតិឱ្យប្រាសាទអង្គរវត្ត បង្កើតជាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្តនេះឡើង។
លោក អ៊ឹម សុខរិទ្ធី ឱ្យដឹងទៀតថា ការរៀបចំរបស់បុព្វបុរសខ្មែរ តម្រូវតាមបាតុភូតធម្មជាតិឱ្យព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តនេះទៅបាន គឺត្រូវគិតគូរតាំងពីរឿងស្ថាបត្យកម្ម ការរៀបចំដីធ្លី ការគន់គូរ តាមគណិតវិទ្យា ការគិតគូរពីដំណើរតារាសាស្រ្ត ព្រមទាំងរួមផ្សំជាមួយជំនឿផង។ អាចនិយាយបានថា ព្រឹត្តិការណ៍ពិសេសថ្ងៃ រះចំកណ្ដាលនៃកំពូលប្រាសាទអង្គរវត្ត ប្រហែលជាអច្ឆរិយនេះកើតមានតែនៅលើប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជាតែប៉ុណ្ណោះ ចំណែកឯសំណង់បុរាណជាច្រើននៅប្រទេសដទៃទៀតក្នុងពិភពលោក គឺមិនអាចរៀបចំដូច្នេះបានទេ។ ថ្វីត្បិតតែក្នុង១ឆ្នាំៗ ព្រឹត្តិការណ៍ពិសេសសមរាត្រី នឹងថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តអាចកើតឡើងក្នុង១ឆ្នាំ២ដងក្តី ក៏ប៉ុន្តែបាតុភូតនោះ កើតឡើងមិនដូចគ្នាទេ។
កាលពីឆ្នាំ២០១៩ កន្លងទៅ (សមរាត្រី) ព្រះអាទិត្យរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្តបានកើតឡើងនៅថ្ងៃទី២០ ខែមីនា ចាប់ពីព្រឹកព្រលឹមស្រាងៗ ដោយគេអាចមើលឃើញពីក្លោងទ្វារកណ្តាលនៃគុកតារាជ (ខ្លោងទ្វារធំប៉ែកខាងលិច) អំឡុងពេលចាប់ពីម៉ោង៥ និង៥០ នាទីដល់ម៉ោងប្រហែល៧ព្រឹក៕ (មានជ័យ)